ព័ត៌មានជាតិ

ស្រ្តីជនជាតិវៀតណាមវ័យចំណាស់ម្នាក់ រួមនិងគ្រឿងញៀនជិត១០កញ្ចប់ត្រូវបានឃាត់ខ្លួន

កណ្តាលៈ ស្ត្រីវ័យចំណាស់ ជនជាតិវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀន ដកហូតបានគ្រឿងញៀនចំនួន៨កញ្ចប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃត្រង់ទី៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើមានឈ្មោះ ង្វៀង ធីអ៊ុក ហៅអ៊ុក ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ថ្នាំញៀន មានទីលំនៅស្នាក់បណ្តោះអាសន្នភូមិកើតហេតុ។

សមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន ម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀនចំនួន៨ កញ្ចប់តូច, ឧបករណ៍សម្រាប់ច្រកថ្នាំញៀនមួយចំនួន ,កន្ត្រៃ៣, និងទូរសព្ទម៉ាកខេមហ្វូន១គ្រឿង។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងជំនាញស្រុក បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថាមានជនសង្ស័យជាមុខសញ្ញាខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចខាងលើ បន្ទាប់មកកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ និងផ្នែកប្រឆាំងគ្រឿងញៀនបានចុះបង្រ្កាបធ្វើការឃាត់ខ្លួន និងឆែកឆេរនៅនឹងខ្លួនជនសង្ស័យរកឃើញថ្នាំញៀន៨កញ្ចប់ជាប់នឹងខ្លួន ក៏ចាប់ខ្លួនតែម្តង។

បច្ចុប្បន្នស្ត្រីជនជាតិវៀតណាមខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសួរនាំនិងការបន្តចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់