ព័ត៌មានជាតិ

ហ៊ានម្ល៉េះ ! ចោរលួចកាច់កម៉ូតូអង្គរក្សបាត់ដោយសុវត្ថិភាព

ភ្នំពេញ: មន្រ្តីអង្គរក្សម្នាក់ត្រូវបានក្រុមចោរ១ក្រុម ចូលទៅធ្វើសកម្មភាពកាច់សោរកម៉ូតូ ជិះយកចេញពីក្នុងភូមិគ្រឹះមួយ ទៅបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍លួចកាច់កម៉ូតូនេះ បានកើតឡើងកាលពីវេលាយប់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ម៉ូតូខាងលើនោះឈ្មោះ យីវ យាត្រា អាយុ២៣ឆ្នាំ មុខរបរអង្គរក្ស ស្នាក់នៅផ្ទះលេខ២៧៩ ផ្លូវលេខ៦៨ ភូមិចំការឪឡឹក សង្កាត់កាកាប និងមានស្រុកកំណើតនៅក្នុងភូមិដកព ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ម៉ូតូដែលត្រូវជនសង្ស័យធ្វើសកម្មភាពកាច់កយកទៅបាត់ដោយសុវត្ថិភាពនោះ ម៉ាកស៊ុយសុគីនិច ពណ៌ផ្កាឈូកពាក់ស្លាកលេខ ភ្នំពេញ 1CB 4308 ។

តាមប្រភពដដែលបានអោយដឹងថា ក្រោយពីបាត់ម៉ូតូ មន្រ្តីអង្គរក្សរូបនោះ បានដើរតាមរកគ្រប់ទីកន្លែង ប៉ុន្តែមិនបានរកឃើញឡើយ ។ លុះរយៈពេល៣ថ្ងៃក្រោយ គឺនៅវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ ទើបសម្រេចចិត្តធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៏ ។

តាមសំដីរបស់បុរសម្ចាស់ម៉ូតូខាងលើបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ គាត់បានទុកម៉ូតូនៅក្នុងភូមិគ្រឹះមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកបានចូលដេក លុះពេលភ្ញាក់ពីដេកឡើងស្រាប់តែបាត់ម៉ូតូ ទើបមានការភ្ញាក់ផ្អើល ។

បច្ចុប្បន្នសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យកាច់កម៉ូតូ មកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីនៃច្បាប់ ។

https://youtu.be/4Mi3avEP0_8

មតិយោបល់