បាត់ដំបងៈ មានមនុស្សជាច្រើនបានស្គាល់ពីស្នាដៃ រូបសំណាក លោកតាដំបងគ្រញូង ដែលជាស្នាដៃស្ថាបនារបស់ លោក ផូ សុងហេង ដែលជាវិចិត្រករអ្នកស្ថាបនារូបសំណាកដ៏ល្បីល្បាញក្នុងខេត្តបាត់ដំបង ពេលនេះគឺលោកតា បានទទួលមរណភាពទៅហើយ កាលពីម៉ោង៦ព្រឹក ថ្ងៃទី៨ ខែមីនា នេះ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងជន្មាយុ ៧៥ឆ្នាំ មានភរិយាឈ្មោះ វ៉ាត អ៊ាង អាយុ៤៩ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
តាមការឲ្យដឹងពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ នៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ លោកតា ផូ សុងហេង បានរអិលដួលសន្លប់ នៅក្នុងបន្ទប់ទឹក ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យទាំងយប់។ តែដោយសារសម្ពាធឈាមឡើងដល់កម្រិតចូលក្នុងខួរក្បាល រហូតធ្វើឲ្យគ្រូពេទ្យមិនអាចជួយបាន ទើបក្រុមគ្រួសារសម្រេចដឹកមកផ្ទះវិញ រហូតដល់ព្រឹកថ្ងៃទី៨ ខែមីនា លោកតា ក៏បានទទួលមរណភាព។
ក្នុងនោះដែរ លោកតា ផូ សុងហេង បានគឺជាវិចិត្រករផ្នែកសូន្យរូប ហើយក៏ជាអ្នកស្ថាបនារូបសំណាកលោកតាដំបងគ្រញូង ដែលជាទីសក្ការៈ បូជា សក្ក័សិទ្ធិ និងជានិម្មិតរូបនៃខេត្តបាត់ដំបងផងដែរ លោកតា ក៏បានបន្សល់ស្នាដៃ ក្នុងការឆ្លាក់ក្បាច់រចនានៅអគារមួយចំនួន នៅក្នុងបរមរាជវាំងទៀត៕



មតិយោបល់