ព័ត៌មានជាតិ

ឃាត់ខ្លួននាគភ្លើង រួមទាំងគ្រឿងញៀនជាង៨០គ្រាប់និងគ្រាប់កាំភ្លើងជាច្រើន

បាត់ដំបង: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីកាន់កាប់រក្សាទុកដឹកជញ្ជូន និងជួញដូរនូវសាធាតុញៀនខុសច្បាប់ ដកហូតបានគ្រឿងញៀនជាច្រើនគ្រាប់និងគ្រាប់កាំភ្លើងមួយចំនួន។

ការចុះបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងក្រុម២ ភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ សារ៉េត ហៅអានាគភ្លើង ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

មុនឈានដល់ការចុះបង្រ្កាបខាងលើ លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានជិះល្បាតក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជនសង្ស័យខាងលើ ដោយមានការសង្ស័យ ទើបឃាត់ខ្លួនសាកសួរ ក៏ឆែកឆេរឃើញនិងដកហូតបាន ថ្នាំគ្រាប់សញ្ញាWY លើគ្រាប់ថ្នាំពណ៍ស្លាទុំ រាងមូលសំប៉ែត សង្ស័យមានសារធាតុញៀនចំនួន៨៤គ្រាប់ មានដូចជា៖កញ្ឆា ក្រៀមចំនួន៣គីឡូក្រាម,កញ្ឆា ស្រស់ចំនួន១គីឡូក្រាម, គ្រាប់កាំភ្លើង AK ចាស់ចំនួន១៣គ្រាប់,សំបកគ្រាប់ AK ថ្មីចំនួន៦សំបក។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន សាកសួរនិងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់