ព័ត៌មានជាតិ

សមត្ថកិច្ចបង្ហាញមុខ ក្មេងអន្ធពាល១ក្រុមដែលបានកាប់ប្រហារលើយុវជនម្នាក់ដាច់ដៃម្ខាង

ភ្នំពេញៈ នាវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានធ្វើសន្និសីទ សារព័ត៌មានបង្ហាញមុខ ក្រុមជនអន្ធពាល១ក្រុម ជាសាធារណៈ ក្រោយពីក្រុមជនដៃដល់ទាំង៩នាក់នេះ រួមនឹងបក្ខពួកមួយចំនួនទៀត ធ្វើសកម្មភាពកាប់ទៅលើយុវជនម្នាក់ បណ្ដាលឲ្យដាច់ដៃម្ខាង កាលពី៥ថ្ងៃមុន ដោយសារជម្លោះរាំប៉ះគ្នានៅក្នុងក្លឹប ឌីស្កូមួយកន្លែង យីហោ «ហ្វាន់ក្លឹប»។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនដៃដល់ដែលត្រូវឃាត់ខ្លួនបានខាងលើ ទី១ឈ្មោះ ប៊ូ អាសេអូ អាយុ១៨ឆ្នាំ ជាសិស្សស្នាក់នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាមេក្លោងដឹកនាំ ក្រុម ,ទី២ឈ្មោះ រស់ រីម អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិប៉ប្រកខាង ត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ, ទី៣ឈ្មោះ ធា ណុប អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ,ទី៤.ឈ្មោះ យ៉ាវ យី អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ,ទី៥.ឈ្មោះ កុសល កំសាន្ដ អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រកដ ,ទី៦.ឈ្មោះ វឿន ថេរ៉ា អាយុ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ,ទី៧.ឈ្មោះ លឹម រ៉ាឌី អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ,ទី៨.ឈ្មោះ ហ៊ុម សំណាង អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ,ទី៩. ឈ្មោះ ឌី ប៉ូលីន អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្នុងនោះកម្លាំងបានដកហូតបានវត្ថុតាងមួយចំនួនទៀតមាន ដាវស៊ាំម៉ូរ៉ៃ១ដើម ស្លាកលេខម៉ូតូ២ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នាចំនួន៩នាក់ បានចូលទៅផឹកស៊ី និងរាំប៉ះគ្នាជាមួយក្រុម ជនពាល រហូតមានទំនាស់គ្នាមួយប្រ៉ាវ លុះក្រោយពេលចេញពីក្នុងក្លឹបវិញ នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ជិះម៉ូតូដល់ត្រង់ចំណុច មុខបុរីលឹមឈាងហាក់ ក្នុងភូមិជករៃកោង សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវបានក្រុមជនពាលទាំងនោះ មានគ្នាចំនួន១៥នាក់ ជិះម៉ូតូដេញតាមកាប់ តែម្ដង។

លោកអធិការបានបន្តទៀតថា ក្រុមជនដៃដល់ទាំងនោះ បានកាប់ទៅលើយុវជនម្នាក់ ឈ្មោះ ចេត ទ្រី អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងភូមិកក់ ឃុំព្រះនិព្វាន្ត ស្រុកគង ពិសី ខេត្តកំពង់ស្ពឺ មិនតែប៉ុណ្ណោះក្រុមនេះ មិនមែនទើបតែធ្វើសកម្មភាពកាប់ ទៅលើជនរងគ្រោះម្នាក់នេះទេ គឺកន្លងមកបានធ្វើសកម្មភាព កាប់ប្លន់ យកម៉ូតូ និងកាប់ប្លន់យកស្លាកលេខម៉ូតូពីប្រជាពល រដ្ឋបានសម្រេចជាបន្តបន្ទាប់ ហើយដែលមានមេខ្លោង ឈ្មោះ ប៊ូ អាសេអូ គឺជាអ្នកដឹកនាំក្រុមចេញធ្វើសកម្មភាព។ ហើយក្រុមនេះបានចែកចេញជា២ក្រុម គឺមាន ក្រុមធ្វើសកម្មភាពនៅក្នុងភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យ និងមួយក្រុមទៅធ្វើសកម្មភាព នៅក្នុងភូមិសាស្រ្ត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជាក់ស្ដែងពេលទៀបភ្លឺថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ កន្លងទៅ នៅមុខការ៉ាសសាំងតេលា ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ពួកគេបានធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូ ១គ្រឿងពីយុវជនម្នាក់បានសម្រេច ដោយសារតែបែបនេះហើយ ទើបលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាដោយផ្ទាល់ឲ្យតាមចាប់ខ្លួនជនសង្ស័យទាំងនោះ ទើបកម្លាំងស្រាវជ្រាវតាមចាប់ខ្លួនបានបែបនេះ៕

https://youtu.be/Gry9ysy4mVo

មតិយោបល់