ភ្នំពេញ: រថយន្តលាយបេតុងមួយគ្រឿង របស់ក្រុមហ៊ុន អិលអឹមខនក្រីត បើកបរក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្ន ហើយបានជ្រុលទៅកៀរ ពីក្រោយរថយន្ត ម៉ាកហាយឡែនឌ័រមួយគ្រឿងទៀត ដែលកំពុងបើកបរក្នុង ទិសដៅស្របគ្នាបណ្ដាលឲ្យក្រពឹតគូទ និងបែកស្ដុបក្រោយមួយចំហៀងខាងឆ្វេង ប៉ុន្តែមិនបានបណ្ដាលឲ្យ រងគ្រោះដល់អ្នកបើកបរ ឬអ្នកជិះនៅក្នុងរថយន្តនោះឡើយ។
ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ខាងត្បូងរង្វង់មូលថ្នល់បំបែកចោមចៅ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាកហ៊ីណូ ពណ៏សលាយទឹកក្រូច ពាក់ស្លាកលេខព្រះសីហនុ 5A-0070 អ្នកបើកបរមិនស្គាល់ ឈ្មោះ បានបើកបរធ្វើដំណើរក្នុងល្បឿនលឿន ពីទិសខាងត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើត ហេតុខាងលើ ដោយសារបើកលឿន ព្រហើនពេកក៏បានជ្រុលទៅកៀរពីក្រោយរថយន្ត ហាយឡែនឌ័រ ទាំងកំរោលបណ្ដាលឲ្យរងការខូចខាត បែកស្តុបក្រោយខាងឆ្វេង និងក្រពឹតគូទខាងឆ្វង។ ខណៈនោះកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះទៅកាន់ទីនោះដើម្បីមើលស្ថានភាពជាក់ស្ដែង ប៉ុន្តែពេលនគរបាលទៅដល់ ភាគីទាំងសង្ខាងនោះ ហាក់មើលងាយនគរបាល ដោយនិយាយថា ពួកគេសម្រួលគ្នាដោយមិនចាំបាច់ ពឹងនគរបាលទេ។ លុះក្រោយមកនគរបាលបាន ដកថយត្រឡប់ទៅដល់ប៉ុស្ដិ៍ ហើយការនិយាយសម្រួលគ្នាមិនត្រូវគ្នា ទើបរត់រកនគរបាលដល់ប៉ុស្ដិ៍វិញ នេះបានចំជាយ៉ាប់មែន ហើយក្រោយមកបានសម្រួលត្រូវគ្នាវិញ បញ្ចប់រឿង ប៉ុន្តែមិនដឹងថាត្រូវដោយរបៀបណានោះឡើយ៕
មតិយោបល់