ព័ត៌មានជាតិ

Update: បើកឡានពីភ្នំពេញទៅផ្ទះប្រពន្ធ ខំវ៉ាឡានមួយគ្រឿងទៀតតែមិនផុត ក៏ទៅបុករោងការ ក្រឡាប់ផ្ងារជើង

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយរថយន្តបុករោងការ បណ្ដាលឲ្យរបួសមនុស្ស០៣នាក់ រងរបួសធ្ងន់០២នាក់។ កើតហេតុនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ វេលាម៉ោង០៥និង០៥នាទីល្ងាច នៅចំណុចផ្លូវលេខ២១ ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តម៉ាកតូយូតា សេលីកា ពណ៍ទឹកប្រាក់ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ លឹម ហុង ភេទប្រុស អាយុ២៦ឆ្នាំមុខរបរកសិករ មានទីលំនៅសង្កាត់ទឹកល្អក់ទី១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ រួមដំណើរក្នុងរថយន្តមានប្រពន្ធ និងក្មេងសរុបចំនួន០៤នាក់ បានបើករថយន្ត ពីភ្នំពេញមកផ្ទះប្រពន្ធនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ក្នុងទិសដៅពីជើងមកត្បូង លុះពេលមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តខាងលើបានប្រជែងវ៉ារថយន្តម៉ាក CRV ដែលបើកស្របទិសគ្នា ហើយក៏ប្រទះនិងរថយន្តធំ ក៏គេចមកខាងស្ដាំដៃវិញ បណ្ដាលឲ្យបុករោងការដែលសង់នៅលើផ្លូវខាងលិចផ្លូវ ធ្វើឲ្យក្រឡាប់រថយន្ត។

មនុស្សរងរបួសចំនួន០៣នាក់៖
ទី១-ឈ្មោះ ពិត គង ភេទប្រុស អាយុ៦០ឆ្នាំ។
ទី២-ឈ្មោះ គីម វី ភេទប្រុស អាយុ៤៣ឆ្នាំ។
អ្នកទាំងពីររងរបួសបាក់ជើង មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ជាមួយគ្នា។
ទី៣-ឈ្មោះ យ៉ុន យ៉េត ភេទប្រុស អាយុ១៧ឆ្នាំមុខរបរកម្មករ មានទីលំនៅភូមិទ្រាក ឃុំមេម៉ង ស្រុកមេមុត ខេត្តត្បូងឃ្មុំ(របួសស្រាល)។ រីឯការខូចខាតរួមមានរថយន្ត០១គ្រឿង រោងការ០៣ប្រឡោះ ម៉ាស៊ីនត្រជាក់០១គ្រឿង។

បច្ចុប្បន្នអ្នករបួសធ្ងន់បាក់ជើង០២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅភ្នំពេញ រីឯអ្នករបួសស្រាលសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្អាង ចំណែកអ្នកបើកបររថយន្ត និងរថយន្ត បាននាំយកមកអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់៕

មតិយោបល់