ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ បានបើករថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹងស្រា ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាត កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខស្ថានទូតជប៉ុន តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល2A-9828 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា ត្រូវគេអះអាងថា ជាមន្ត្រីប៉ូលិស តែមិនដឹងបម្រើការនៅអង្គភាពណានោះទេ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង ជាមួយល្បឿនយ៉ាងលឿន បំណងទៅផ្ទះនៅក្រុងតាខ្មៅ មិនប្រយ័ត្នបានជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតមួយកំណាត់មុខ ចំណែករបាំងថ្មមិនមានបាក់បែក នោះទេ។
ករណីនេះ ពុំមានអ្នករងរបួសនោះទេ តែដោយសារអ្នកបើករថយន្តស្រវឹងស្រា ទើបសាច់ញាតិ ហៅរថយន្តសង្រ្គោះឲ្យមកដឹក យកទៅមន្ទីរពេទ្យ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង និងយកវត្ថុតាងរថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់