ភ្នំពេញៈ នារីម្នាក់ ចេញពីក្លឹបដើរតាមផ្លូវ ត្រូវក្រុមចោរមួយក្រុមមានគ្នា៤ នាក់ ស្ទាក់ប្លន់ យកទូរសព្ទដៃ ម៉ាក IPhone6 និងលុយ៣០០ដុល្លារ ទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវសហពន្ធ័រុស្ស៊ី ក្បែរក្រសួងពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសម្ដីរបស់នារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបាននាំគ្នាចូលទៅរាំលេងកម្សាន្តនៅក្នុងក្លឹប Avalon លុះដល់យប់ជ្រៅបន្តិចក៏ មានការទាស់សម្ដីគ្នាបន្តិចបន្តួចជាមួយមិត្តប្រុសរបស់នាងធ្វើឲ្យនារីរងគ្រោះអន់ចិត្ត ក៏បានចេញមកក្រៅក្លឹបមុន ហើយដើរតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ស្រាប់តែលេចមុខក្រុមចោរមួយក្រុមមានគ្នា៤នាក់បានមកស្ទាក់ គំរាមប្លន់ នារីរងគ្រោះឲ្យដោះកងដៃ ខ្សែរកឲ្យពួកគេ ដោយនារីមិនព្រមឲ្យជនសង្ស័យនោះ ក៏ឆក់ទាញកាបូបរបស់នាង ដែលមានទូរសព្ទIPhone6 មួយគ្រឿង រួមទាំងលុយ៣០០ដុល្លារទៀតយកទៅបាត់។
ភ្លាមៗពេលកើតហេតុក៏មានអ្នកធ្វើដំណើរតាមផ្លូវឃើញហេតុការណ៍បែបនេះ បានឈប់មើល និងស្រែកឲ្យជនសង្ស័យទាំងបួននាក់នោះ ភ័យក៏រត់យកទៅ របស់នារីរងគ្រោះ ទូរសព្ទIPhone6មួយគ្រឿង រួមទាំងលុយ៣០០ដុល្លារទៅបាត់ស្រមោល តែម្តង ។
ក្រោយពីកើតហេតុ នារីរងគ្រោះបានត្រឹមឈរយំ ម្នាក់ឯងស្តាយរបស់ដែលត្រូវចោរប្លន់យកទៅបាត់ ហើយពេលនោះក៏មានបុរសម្នាក់ បានអះអាងថាខ្លួនជាមិត្តប្រុស ក៏លួងលោមនារីគ្រោះឲ្យជិះម៉ូតូឌុប ត្រឡប់ទៅផ្ទះរបស់គេវិញ ដោយមិនចង់ដាក់ពាក្យបណ្តឹងអ្វីឡើយ។ ហើយចំណែកឯសមត្ថកិច្ចវិញទោះជាមានប្រជាពលរដ្ឋម្តុំនោះរាយការណ៍ទៅប្រាប់ដើម្បីចុះមកសួរនាំក្នុងរឿងនេះ ក៏មិនឃើញមានសមត្ថកិច្ចណាម្នាក់ចុះមកនោះដែរ៕





មតិយោបល់