ព័ត៌មានជាតិ

Update៖ កាមរីបាឡែន ស្រវឹងចូលដេកក្នុងធ្លាក់រណ្តៅដីការដ្ឋានជីកលូ!

ភ្នំពេញៈ បុរសម្នាក់ បន្ទាប់ពីផឹកស៊ីស្រវឹងជោគជាំ បានបើករថយន្តម៉ាកកាមរីបាឡែន របស់ខ្លួន បណ្តើររវល់តែលើកទូរសព្ទបណ្តើរ បណ្តាលឲ្យរេចង្កូតធ្លាក់រណ្តៅដីការរដ្ឋានជីកដាក់លូ របស់សាលារាជធានីភ្នំពេញ តែមិនបណ្តាលឲ្យរងរបួសដល់មនុស្សនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ២៨៩ មុខវិទ្យាស្ថានជាតិសុខភាពសាធារណៈ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញបុរសស្រវឹងជោគជាំខាងលើ បានបើករថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ 2AH-7092 បើកបរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ២៨៩ ខណៈបើកបរបណ្តើរបានលើកទូរសព្ទនិយាយបណ្តើរ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅខាងស្តាំដៃ បណ្តាលឲ្យធ្លាក់រថយន្ត ចូលក្នុងរណ្តៅដែលគេជីកកាយសម្រាប់ដាក់លូ ធ្វើឲ្យរថយន្តទៅមុខលែងរួច។ ភ្លាមនោះបងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បាននាំគ្នាជួយលើកបុរសម្ចាស់រថយន្តចេញមកក្រៅ និងបានយកទូរសព្ទទាក់ទៅក្រុមគ្រួសារមកទទួលទៅផ្ទះ។

ក្រោយពេលកើតហេតុ រថយន្តខាងលើត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមកស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕

មតិយោបល់