ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ស្រវឹងបើករថយន្តទៅបុកទ្រូងផ្លូវរបួសធ្ងន់!

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាជោគជាំ បានបើករថយន្តលឿនដូចហោះ រេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យម្ចាស់រថយន្ត រងរបួសបែកក្បាលហូរឈាមយ៉ាងច្រើន។ ចំណែករថយន្តរងការខូចខាតផ្នែកកខាងឆ្វេងយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២យប់ ឈានចូលថ្ងែទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម ទល់មុខក្រសួងមហាផ្ទៃ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 0I-7310 ពណ៌ខៀវ បើកបរក្នុងទិសដៅពីត្បូងទៅជើង បើកលឿនដូចហោះ ខណៈពេលមកដល់ចំណុចកើតហេតុ នៅទល់មុខក្រសួងមហាផ្ទៃ ក៏រេចង្កូតបុករបាំងថ្ម ចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យម្ចាស់រថយន្តរងរបួសបែកក្បាល ហូរឈាមយ៉ាងច្រើន។ ចំណែករថយន្តរងការខូតខាតផ្នែកខាងឆ្វេងយ៉ាងខ្លាំងតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកវាស់វែងនាំខ្លួនម្ចាស់រថយន្តនិងរថយន្តទៅកាន់ការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវីធីច្បាប់៕

មតិយោបល់