ព័ត៌មានអន្តរជាតិ

មនុស្ស ០៦នាក់រងរបួស ក្នុងការវាយប្រហារដោយពូថៅ នៅស្ថានីយ៍រថភ្លើងអាល្លឺម៉ង់

អាល្លឺម៉ង់ៈ បុរសម្នាក់ ប្រដាប់ដោយពូថៅមួយ បានវាយប្រហារលើហ្វូងមនុស្សនៅស្ថានីយរថភ្លើង ក្នុងទីក្រុង Dusseldorf ភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បណ្ដាលឲ្យមនុស្ស ០៦ នាក់រងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។

ជនសង្ស័យ០២ នាក់ ដែលជាប់ទាក់ទងនឹងការវាយប្រហារនេះ ត្រូវបានចាប់ខ្លួន ដោយមន្ត្រីប៉ូលិសនៅកន្លែងកើតហេតុ ហើយក្នុងចំណោមអ្នករងរបួសទាំងអស់ មានម្នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

អ្នកវាយប្រហារម្នាក់ បានលោតចេញពីហ្វូងមនុស្ស ហើយគ្រវីពូថៅរបស់គាត់ទៅកាន់អ្នកនៅទីនោះ ដែលធ្វើឲ្យលោហិត ត្រូវបានបង្ហូរនៅគ្រប់កន្លែង នេះបើតាមកាសែតក្នុងស្រុក Bild បានដកស្រង់សម្តីសាក្សី ដែលបានឃើញហេតុការណ៍នោះ។

ក្រោយកើតហេតុ អ្នកវាយប្រហាររូបនោះ បានព្យាយាមរត់គេចខ្លួនទៅតាមផ្លូវ ប៉ុន្តែត្រូវប៉ូលិសចាប់បាននៅកន្លែងកើតហេតុ ខណៈដែលជនសង្ស័យម្នាក់ទៀត ត្រូវបានគេនាំយកចេញពីស្ថានីយរថភ្លើងផងដែរ។

មកទល់ពេលនេះ ប៉ូលិសមិនទាន់បង្ហាញអត្តសញ្ញាណ ជនសង្ស័យទាំង០២ នាក់ នៅទ្បើយទេ៕

មតិយោបល់