ព័ត៌មានជាតិ

Update៖សំណុំរឿងរថយន្តបុកចូលរោងការ ត្រូវលោកព្រះរាជអាជ្ញាសម្រេចឲ្យសម្របសម្រួល

កណ្តាល: គួរឲ្យរន្ទត់ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ធ្វើឲ្យមានការភ្ញាក់ផ្អើល ដែលបង្កដោយរថយន្តតូយូតា សេលីកាត បើកបុករះចូលរោងការ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងស្រាល និងខូចខាតសម្ភារៈរោងការមួយចំនួនទៀតនោះ។

មកដល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានប្រាប់ភ្នាក់ងារPost News ថា ម្ចាស់តែកុងឡានត្រូវបានលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល សម្រេចធ្វើការដោះលែងហើយ ដោយសារការសង់រោងការមានការប៉ះពាល់លើផ្លូវ ។ ចំណែកឯម្ចាស់រថយន្តក៍បើកបរមិនប្រុងប្រយត្ន័ដែរ ដូច្នេះហើយលោកព្រះរាជអាជ្ញា បានពិនិត្យមើលតាមអង្គហេតុថាខុស មួយផ្នែកម្នាក់ អញ្ចឹងទើបលោកព្រះរាជអាជ្ញាអនុញ្ញាតឲ្យសម្របសម្រួលគ្នាតែម្តង ។

គួររំលឹកថា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៥និង៥នាទីល្ងាច ស្ថិតនៅចំណុចផ្លូវលេខ២១ ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូយូតា សេលីកា ពណ៍ទឹកប្រាក់ គ្មានស្លាកលេខ បើកបរដោយឈ្មោះ លឹម ហុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានអ្នករួមដំណើរក្នុងរថយន្តមានប្រពន្ធនិងក្មេងសរុបចំនួន៤នាក់ ។

បានបើករថយន្តពីភ្នំពេញមកផ្ទះប្រពន្ធ នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តខាងលើបានប្រជែងវ៉ានិងរថយន្តម៉ាកCRV ដែលបើកស្របទិសគ្នា បណ្ដាលឲ្យអកហ្សឺនិងរថយន្តធំ ក៏គេចមកខាងស្ដាំដៃវិញ ក៏បានបុកចូលរោងការដែលសង់នៅលើផ្លូវខាងលិចផ្លូវ ធ្វើឲ្យក្រឡាប់រថយន្តនិងរងរបួសមនុស្សចំនួន៣នាក់ ទី១មានឈ្មោះ ពិត គង ភេទប្រុស អាយុ៦០ឆ្នាំ,ទី២ឈ្មោះ គីម វី ភេទប្រុស អាយុ៤៣ឆ្នាំ អ្នកទាំង២នាក់រងរបួសបាក់ជើង និងជនរងគ្រោះទី៣ឈ្មោះ យ៉ុន យ៉េត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ អ្នកទាំង៣នាក់មានទីលំនៅភូមិទ្រាក ឃុំមេម៉ង ស្រុកមេមុត ខេត្តត្បូងឃ្មុំ។ ក្នុងនោះដែរ មនុស្សប្រុស៣នាក់ក្នុងនោះធ្ងន់២នាក់ និងខូចខាតរថយន្ត១គ្រឿង និងរោងការ៣ប្រឡោះ ម៉ាស៊ីនត្រជាក់១គ្រឿង ។

បច្ចុប្បន្ន អ្នករបួសធ្ងន់ បាក់ជើង២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅភ្នំពេញ រីឯអ្នករបួសស្រាលសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង៕

មតិយោបល់