យោងតាមប្រភពព័ត៌មានដែលទទួលបានពីគេហទំព័រ Yahoo ស្ថាប័ន WBO បានធ្វើការស៊ើបអង្កេតទៅលើការកាត់ក្តីឲ្យកីឡាករ Pacquiao ចាញ់កីឡាករ Bradley ដោយពិន្ទុ។

កាលពីថ្ងៃអាទិត្យទី ៩ ខែមិថុនាកន្លងផុតទៅនេះ កីឡាករ Timothy Bradley និង Manny Pacquiao បានធ្វើការប្រកួតនៅក្នុងទីក្រុង Las Vegas ដែលជាលទ្ធផល អាជ្ញាកណ្ដាលបានសម្រេចសេចក្តីឲ្យកីឡាករ Timothy Bradley ឈ្នះកីឡាករ Pacquiao ដោយពិន្ទុ។
ដោយឃើញពីភាពមិនប្រក្រតីនូវលទ្ធផល និងការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ទើបសហព័ន្ធស្ថាប័ន WBO ប្រកាសឲ្យធ្វើការស៊ើបអង្កេតលទ្ធផលនៃការប្រកួតរវាងកីឡាករទាំងពីរនេះឡើងវិញ ដោយឲ្យនូវចៅក្រមចំនួន ៥ រូបធ្វើការឲ្យពិន្ទុសារជាថ្មី។
គួរបញ្ជាក់ផងដែរថា ការសម្រេចរបស់អាជ្ញាកណ្ដាលបានធ្វើឲ្យកីឡាករ Pacquiao បានការខឹងសម្បាយ៉ាងខ្លាំង ហើយមិនមែនមានតែកីឡាករ Pacquiao នោះទេ ដែលខឹងនោះ សូម្បីតែមហាជន និងអ្នកគាំទ្រកីឡាករ Pacquiao ក៏មានការខឹងសម្បាផងដែរ ព្រោះថាតាមការជាក់ស្ដែងក្នុងការប្រកួតគេឃើញថា កីឡាករ Pacquioa គឺឈ្នះកីឡាករ Bradley ប៉ុន្តែបែរជាអាជ្ញកណ្ដាលសម្រេចឲ្យ Bradley ឈ្នះទៅវិញ។
លោក Valcarcel បានបង្ហាញពីលទ្ធផលនៃការឲ្យពិន្ទុរបស់ចៅក្រមទាំង ៥ រូប ប៉ុន្តែលោកមិនបានបញ្ចេញនូវអត្តសញ្ញាណនៃចៅក្រមនោះទេ គ្រាន់តែបង្ហាញថា ក្នុងលទ្ធផលនៃការប្រកួតមានចៅក្រម ៥ រូប បានឲ្យពិន្ទុ ១១៨ទល់នឹង១១០, ១១៧ទល់នឹង១១១, ១១៧ ទល់នឹង១១១, ១១៦ ទល់នឹង១១២ និង ពិន្ទុ១១៥ទល់នឹង១១៣ ដែលលទ្ធផលនេះគឺសម្រេចឲ្យកីឡាករ Pacquiao ឈ្នះក្នុងការប្រកួត។
ស្ថាប័ន WBO បានសម្រេចចិត្តឲ្យកីឡាករ Pacquiao និងកីឡាករ Bradley ធ្វើការប្រកួតឡើងវិញ ប៉ុន្តែមិនទាន់បានប្រកាសថា កីឡាករទាំងពីរ នឹងប្រកួតនៅថ្ងៃនោះទេ។
ក្រោយពីទទួលដំណឹងល្អនេះ ពីស្ថាប័ន WBO កីឡាករ Pacquiao បានថ្លែងទៅកាន់សារព័ត៌មាននៅក្នុងប្រទេសភីលីពិនថា លោកសប្បាយរីករាយខ្លាំងណាស់ ដែលស្ថាប័ន WBO បានរៀបចំការប្រកួតរវាងលោក និង Bradley ឡើងវិញ លោកបានបញ្ជាក់ថែមទៀតថា នឹងយកឈ្នះកីឡាករ Bradley ដើម្បីយកខ្សែក្រវ៉ាត់នោះមកវិញ ប៉ុន្តែខណៈនេះលោកត្រូវការពេលវេលាក្នុងការវឹកហាត់ និងត្រៀមខ្លួនក្នុងការប្រកួត៕
មតិយោបល់