ព័ត៌មានជាតិ

១២ ខេត្ត​បាន​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង និង ជំនន់​ទន្លេមេគង្គ​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យ ដឹង នា ព្រឹក​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៤ ថា គិត​មក​ត្រឹម​រសៀល​
ថ្ងៃទី​០២ ខែ​សីហា​នេះ​ជំនន់​ទឹក ភ្លៀង និង ជំនន់​ទឹក ទន្លេ​មេគង្គ​បាន​ហក់​ឡើង​យ៉ាង​គំហុក ដោយ​បាន​ធ្វើឲ្យ​ខេត្ត​ចំនួន​១២​រង​ផលប៉ះពាល់ ហើយ​នៅ តំបន់​ខ្លះ ទឹក ឡើង​លើសពី​ការប្រកាសអាសន្ន​ទៅទៀត​។​

​ឯកឧត្តម ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ និង អ្នកនាំពាក្យ​ក្រសួង​ធនធាន ទឹក និង​ឧតុនិយម​បាន​ថ្លែងថា ខេត្ត​ទាំង​១២​ដែល​រង​ផលប៉ះពាល់​នោះ​រួមមាន​ខេត្ត​កំពង់ធំ មាន​ស្រុក​ចំនួន​២ និង​ឃុំ​ចំនួន​៤ រងគ្រោះ ដោយ ជំនន់ ទឹកភ្លៀង​។ ខេត្ត​ត្បូងឃ្មុំ មាន​ស្រុក​ចំនួន​១ និង ឃុំ​ចំនួន​១​ប៉ះពាល​ដោយ​ជំនន់​ទឹកភ្លៀង​។​ខេត្ត​ព្រៃវែង មាន​ស្រុក​ចំនួន​៤ ឃុំ​ចំនួន​១០ ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹក​ទន្លេមេគង្គ​។ ខេត្ត​ស្វាយរៀង មាន​ស្រុក​ចំនួន​១ និង ឃុំ​ចំនួន​១​ប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង និង ជំនន់​ទឹក​ទន្លេមេគង្គ​។ ខេត្ត​កណ្តាល មាន​ស្រុក​ចំនួន​២ និង ឃុំ​ចំនួន​២ ប៉ះពាល់​ដោយ​ជំនន់​ទឹកទន្លេ​។ ខេត្ត​ក្រចេះ មាន​ស្រុក​ចំនួន​៥​ឃុំ ចំនួន​១២​ប៉ះ ពាល់​ជំនន់​ទឹកភ្លៀង និង ជំនន់​ទឹក​ទន្លេមេគង្គ​។ ខេត្ត​កែប មាន​ស្រុក​ចំនួន​១ ឃុំ​ចំនួន​៣ ប៉ះពាល​ដោយ​ជំនន់ ទឹកភ្លៀង​។ ខេត្ត​ព្រះវិហារ មាន​ស្រុក ចំនួន​១​ឃុំ​ចំនួន​៣​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​។ ខេត្ត​ឧត្តមានជ័យ មានស្រុក​ចំ នួន​២​ឃុំ​ចំនួន​៤ ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​។ ខេត្ត​មណ្ឌលគិរី មាន​ស្រុក​ចំនួន ១​ឃុំ ចំនួន​៥​ប៉ះ ពាល់​ដោយ​ជំនន់​ទឹកភ្លៀង​។ ខេត្ត​រតនគិរី មាន​ស្រុក​ចំនួន​២​ឃុំ​ចំនួន​៤​ប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង និង ខេត្តស្ទឹងត្រែង​ប៉ះពាល់​ដោយ​ជំនន់ ទន្លេមេគង្គ​។​

​ឯកឧត្តម ចាន់ យុ​ត្ថា ឲ្យដឹង​បន្ត​ថា ចំពោះ​ផ្ទៃដី​កសិក​កម្ម​ដែល​រង​ផល​ប៉ះ ពាល់​ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង និង ជំនន់​ទឹក​ទន្លេមេគង្គ​សរុប​មាន​ស្រូវ ចំនួន​២ ៩៦៥​ហិកតា ខូចខាត​ចំនួន​៣៩​ហិកតា ចំណែក​ដំណាំ​រួមផ្សំ មាន​៧៤៩​ហិកតា​ខូចខាត​ចំនួន​២១៩​ហិកតា​។ ឯកឧត្តម​នាយក​ខុទ្ទកាល័យ​បញ្ជាក់ថា ស្ថានភាព​ទឹកទន្លេ មេគង្គ នៅ​ប្រទេស​ថៃ និង ប្រទេស​ឡាវ​បាន​ស្រក​បណ្តើរ ៗ​ហើយ ប៉ុន្តែ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​នៅក្នុង​ប្រទេស យើង​ផង និង ប្រទេស​ឡាវ​មួយផ្នែក និង ប្រទេស​វៀតណាម បាន​ធ្វើឲ្យ​ទន្លេ​សេ​សាន្ត ទន្លេ​សេកុង និង​ទន្លេ ស្រែ​ពក​ជន់​ឡើង​ខ្លាំង ហើយ​ទន្លេ​ទាំងបី​នេះ​វា​ហូរ​មក​ប្រសព្វ​គ្នា​នៅ​ត្រង់​ទី​រួម ខេត្តស្ទឹងត្រែង​ធ្វើឲ្យ​ខេត្ត​មានជំនន់ ខ្លាំង និង​បាន​ហូរ​ចាក់​ចូល​មក​ទន្លេមេគង្គ​វិញ ប៉ុន្តែ​នៅ​ខេត្តស្ទឹងត្រែង​ទឹក​អាច​នឹង​ហក់​ឡើង​ខ្ពស់​មួយ​ថ្ងៃ​ទៀត ហើយ​នៅ​ថ្ងៃទី​៤ ល្ងាច​ទឹក​អាច​ស្រក​ចុះ​វិញ​។​

​ឥឡូវនេះ​ទឹក​នៅ​ខេត្តស្ទឹងត្រែង​កម្ពស់​១១,២២​ម៉ែត្រ​ដែល​កម្រិត​ប្រកាសអាសន្ន​ត្រឹមតែ​១០,៧០​ម៉ែត្រ​ប៉ុណ្ណោះ​។ នៅ​ខេត្ត​ក្រចេះ​ទឹក​មាន​កម្ពស់​២២,៦៣​ម៉ែត្រ នៅ​ថ្ងៃស្អែក​នេះ​នឹង​ឡើង​ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ហើយ កម្ពស់​ទឹក​មាន​២២​ម៉ែត្រ​។ ចំណែក​ខេត្តកំពង់ចាម​ក៏​អាច​នឹង​ដល់​ឡើង ដល់​កម្រិត​ប្រកាសអាសន្ន​ដែរ​គឺ​មុន និង ក្រោយ​គ្នា​មួយថ្ងៃៗ ចំណែកឯ​ការ​ស្រក​ចុះ​ក៏​អញ្ចឹង​ដែរ​៕​
DSCN0279 (1)

មតិយោបល់