ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ទៅបុករថយន្តក្រុងមួយគ្រឿងរបស់ក្រុមហ៊ុន ហុងលីហុង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរថយន្តទាំង២គ្រឿងខ្ទាតទៅចំណែកផ្លូវម្ខាងម្នាក់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និងរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣៥នាទី ទៀបភ្លឺថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២២០-២២១ ម្តុំភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក អធិការរងស្រុកបាកាន បានប្រាប់Post News ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-5274 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តក្រុង មួយគ្រឿងម៉ាកគា របស់ក្រុមហ៊ុន ហុងលីហុង ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-7044 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទាតទៅចំណែកផ្លូវម្ខាងម្នាក់ រងការខូចខាតយ៉ាងដំណំ និងបានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និងរបួស។
លោក អធិការរងស្រុក បានបន្តថា អ្នកដំណើរដែលរងរបួសនិងស្លាប់ទាំង៣នាក់ខាងលើ ទី១មានឈ្មោះ ស៊ិន សុខឃឿម ភេទស្រី អាយុ៦០ឆ្នាំ ស្នាក់នៅភូមិវត្តត្រង់ ឃុំវត្តត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រងរបួសស្រាល បញ្ជូនទៅពេទ្យបង្អែកបឹងខ្នារ និងអ្នករបួសម្នាក់ទៀតឈ្មោះ សុខ ស្តើង ភេទប្រុស អាយុ៦៤ឆ្នាំ ត្រូវជាប្តី បញ្ជូនទៅមន្ទីរពេទ្យជាមួយគ្នា និងទី៣ឈ្មោះ យឹម ធំ ស្លាប់ជាប់នៅលើរថយន្តនឹងកន្លែងកើតហេតុ (ជាអ្នកបើករថយន្តហ៊ីយ៉ាន់ដាយ) រីឯអ្នកបើករថយន្តក្រុង ចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីបង្កហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់