បន្ទាយមានជ័យៈ ជនសង្ស័យប្រុសស្រីចំនួន១០នាក់ ដែលជាមេខ្លោងធ្វើសកម្មភាពជួញដូរនិងចែកចាយគ្រឿងញៀន ត្រូវបាននគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហកាជាមួយនគរបាលក្រុងប៉ោយប៉ែត និងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ដកហូតបានថ្នាំញៀន៨សុង និងអាវុធ១ដើម នៅចំណុចភូមិសាស្រ្តក្រុងប៉ោយប៉ែត ជាប់ព្រំដែនកម្ពុជា-ថៃ ។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនោះចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុសស្រី១០នាក់ ដកហូតបានវត្ថុតាងថ្នាំញៀន សរុប៨សុង ក្នុងនោះមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទឹកកក ចំនួន៤សុង ស្មើនឹងទម្ងន់ប្រហែលជាង១គីឡូក្រាម និងថ្នាំញៀនមេតំហ្វេតាមីនWY ៤សុង ស្មើនឹងចំនួន៨ពាន់គ្រាប់ កាំភ្លើងខ្លីម៉ាកឡុក១ដើមគ្រាប់ប្រហែល៥០គ្រាប់។
ការបង្រ្កាបគ្រឿងញៀននេះបានធ្វើឡើងតាំងពីវេលាម៉ោង១២ថ្ងៃត្រង់ទី៩ ខែមីនា ឆ្នាំ២០១៧ រហូតដល់រសៀលថ្ងៃដដែល ដោយទីតាំងបង្ក្រាបមាន៣ទីតាំង មុនដំដូង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនជាបក្ខពួកមួយចំនួន នៅក្រុងសិរីសោភ័ណ រហូតទៅដល់បន្តឆែកឆេរបង្រ្កាបដល់ក្រុងប៉ោយប៉ែតជាបន្តបន្ទាប់ទៀត។ ជនសង្ស័យទាំងនេះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ក្រោយពីឃាត់ខ្លួនបានហើយនោះ សមត្ថកិច្ចបានធ្វើការបង្ហាញជសង្ស័យជាជនជាតិខ្មែរថៃ៦នាក់ ក្នុងនោះមាន២នាក់ជាមេខ្លោងធំ ទី១ឈ្មោះ តេង ផូង ភេទប្រុស អាយុ៥២ឆ្នាំ ប្រកបមុខរបរគួកជេរថយន្ត រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងទី២ឈ្មោះ យ៉ាន មាន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដកហូតបានថ្នាំញៀនជិត២គីឡូក្រាម កាំភ្លើងខ្លី១ដើម និងរថយន្ត៥គ្រឿង ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តនិង លោកឧត្តមសេនីយ៍ត្រី ពៅ សំអេង នាយរងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលនីតិវិធីពីលោក តេង សម័យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ៕
https://youtu.be/YL8hUUX9wUM
មតិយោបល់