ព័ត៌មានជាតិ

ទំនិញជាប្រហិតចម្រុះ និងសាច់ជ្រូកចង្កាក់ ខូចគុណភាពលួចលាក់នាំចូលពីប្រទេសថៃ ត្រូវសមត្ថកិច្ចនគរបាលបង្រ្កាប និងដុតបំផ្លាញចោល

បាត់ដំបង: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង អនុវត្តតាមយោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរង ផែនការងារប្រឆាំង បទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋានកម្លាំងការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចដែលមានលោក វរសេនីយ៍ឯក យី យក់សាន ជានាយការិយាល័យដឹកនាំកម្លាំងចូលរួមជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកម្រៀងដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការនគរបាលស្រុកឃាត់រថយន្តមួយគ្រឿងម៉ាក កាមារី Camary កាត់ទ្រុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2A-0832 ដែលសមត្ថកិច្ចមានតម្រុយថា កំពុងដឹកទំនិញខូចគុណភាព។

ពេលសមត្ថកិច្ចកំពុងត្រួតពិនិត្យនេះ ម្ចាស់រថយន្តខាងលើបានរត់គេចខ្លួនបាត់ពីទីនោះតែម្តង ហើយពេលសមត្ថកិច្ចពិនិត្យក្នុងរថយន្តឃើញមាន៖
-ប្រហិតចម្រុះចំនួន៨០០គីឡូក្រាម និងសាច់ជ្រូកចង្កាក់ចំនួន២០០គីឡូក្រាម ដែលទំនិញខាងលើនេះលួចលាក់នាំចូលពីប្រទេសថៃ ហើយមិនមានការវេចខ្ចប់ និងរក្សាទុកស្របតាមលក្ខណ:បច្ចេកទេសត្រឹមត្រូវនោះទេ។

នៅពេលនេះទំនិញខាងលើសមត្ថកិច្ចនគរបាល បានសហការជាមួយផ្នែកជំនាញពេទ្យសត្វ ធ្វើការដុតកំបំផ្លាញចោលនៅមូលដ្ឋាននោះហើយ រីឯរថយន្តបានយកមករក្សាទុកនៅកន្លែងសមត្ថកិច្ចដើម្បីធ្វើការស្រាវជ្រាវបន្ត៕

មតិយោបល់