ព័ត៌មានបច្ចេកវិទ្យា

រឿងអាស្រូវពាក់ព័ន្ធថៅកែក្រុមហ៊ុន Samsung ឈានដល់ការទម្លាក់ប្រធានាធិបតីកូរ៉េខាងត្បូងពីតំណែង

ទីបំផុត រឿងអាស្រូវដូចគ្នាតែមួយ នៅពីក្រោយការចាប់ខ្លួន និងចោទប្រកាន់លើលោក Lee Jae-Yong ដែលជាអគ្គនាយករង និងជាអ្នកត្រូវស្នងតំណែងប្រធានក្រុមហ៊ុន Samsung បានឈានទៅដល់ការដកតំណែងប្រធានាធិបតីកូរ៉េខាងត្បូងពីលោកស្រី Park Geun-Hye ជាផ្លូវការហើយ។ នេះបើយោងតាមប្រភពព័ត៌មាន Yonhap ចេញផ្សាយនៅថ្ងៃនេះ។

សភានៃប្រទេសមួយនេះ បានចោទប្រកាន់លោកស្រី Park ជាសាធារណ: នៅថ្ងៃទី ៩ ធ្នូ ពីបទល្មើសផ្សេងៗ រាប់បញ្ចូលទាំងការសូកប៉ាន់ និងពុករលួយ ពាក់ព័ន្ធទៅនឹងការព្យាយាមគាបយកលុយពីក្រុមហ៊ុនធំៗ ជាថ្នូរនឹងការផ្តល់នូវគុណប្រយោជន៍ផ្សេងៗ។

សេចក្តីសម្រេចរបស់តុលាការជាឯកច្ឆន្ទនៅថ្ងៃនេះ ធ្វើឡើងដោយចៅក្រមចំនួនប្រាំបីរូប ហើយវាក៏នាំមកនូវការបិទបញ្ចប់វិបត្តិភាពជាអ្នកដឹកនាំដែលមានអាយុកាល ៩២ ថ្ងៃ និងការចាប់ផ្តើមដំណើរការសម្រាប់ការបោះឆ្នោតថ្មីមួយដែលនឹងប្រព្រឹត្តធ្វើឡើងក្នុងរយ:ពេល ៦០ ថ្ងៃ ខាងមុខ។

គួររំឭកថា ទាយាទក្រុមហ៊ុន Samsung វ័យ ៤៨ ឆ្នាំ លោក Lee Jae-Yong ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការ កាលពីពេលថ្មីៗនេះ ពីបទសំណូក ពាក់ព័ន្ធទៅនឹងរឿងអាស្រូវពុករលួយនយោបាយក្នុងប្រទេសដែលឈានទៅដល់ការព្យួរតំណែងលោកស្រីប្រធានាធិបតី Park Geun-hye។ ក្រោយមកទៀត លោកក៏ត្រូវបានរដ្ឋអាជ្ញាពិសេស លោក Park Young-soo ចោទប្រកាន់ ថាបានសូកប៉ាន់លោកស្រីប្រធានាធិបតីបន្ថែមមួយករណីទៀត៕

ប្រភពព័ត៌មាន: engadget

មតិយោបល់