ព័ត៌មានជាតិ

ឡានតាក់ស៊ី បើកល្បឿនផ្តាច់ព្រលឹង បុករថយន្ត LEXUS បណ្តាលឲ្យតៃកុងស្លាប់ម្នាក់ និងអ្នករួមដំណើររងរបួសធ្ងន់

សៀមរាបៈ កាលពីវេលាម៉ោង ៤និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត ស្ថិតក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក Toyota SIENNA ពាក់ផ្លាកលេខ ភ្នំពេញ 2AC9971 ពណ៌ទឹកមាស ជាប្រភេទរថយន្តដឹកអ្នកដំណើរធុនតូច អ្នកបើកបរឈ្មោះ សួ ភិន អាយុ ៤៧ឆ្នាំ (ស្លាប់) រស់នៅផ្ទះលេខ១០៦ឌ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដឹកមនុស្ស ៦នាក់ ក្នុងនោះ ស្រី ៥នាក់ ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ម៉ាក LEXUS ពាក់ផ្លាកលេខ ភ្នំពេញ 2M-4334 ពណ៌ទឹកមាស ប្រភេទទេសចរណ៍ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានអ្នករួមដំណើរម្នាក់ ធ្វើក្នុងទិសដៅបញ្ច្រាសទិសល្បឿនលឿនដូចគ្នា ក៏បណ្ដាលឲ្យបុកគ្នា។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីកសាងសំណុំដោះស្រាយទៅតាមនីតិវិធីច្បាប់ ចំពោះជនរងគ្រោះ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ រីឯអ្នករួមដំណើររងរបួស សម្រាកព្យាបាល៕

មតិយោបល់