ភ្នំពេញៈ បុរសម្នាក់រងរបួសធ្ងន់ ដេកផ្កាប់មុខក្នុងថ្លុកឈាម និងបុរស២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីត្រូវរថយន្តម៉ាក TOYOTA SIENNA បើកក្នុងល្បឿនលឿនដូចហោះ ទៅបុកពេញទំហឹង នៅចំណុចផ្លូវបែកជាបួនស្តុបទេពផន នឹងកៀរបុរសម្នាក់ អូសជាង៣០០ម៉ែត្រ បង្កការភ្ញាក់ផ្អើលទាំងយប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង១០នាទី យប់ឈានចូលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ១៨២ កែងនឹងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់បើករថយន្ដម៉ាក TOYOTA SIENNA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-6507 ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ ទៅបុកម៉ូតូម៉ាក HONDA SCOOPY ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CZ-2719 ជិះដោយបុរស៣នាក់ ទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចកើតហេតុ ផ្លូវបែកជាបួនស្តុបទេពផន រថយន្ដខាងលើ ក៏ជ្រុលទៅបុកចំពាក់កណ្តាលម៉ូតូ HONDA SCOOPY យ៉ាងពេញទំហឹង បណ្តាលឲ្យគៀបបុរសម្នាក់អូសជាង ៣០០ម៉ែត្រ រងរបួសដាច់ស្បែកមុខដល់ឆ្អឹង។ ចំណែកឯបុរស២នាក់ទៀតរបួសស្រាល ភ្លាមៗនោះម្ចាស់រថយន្តបង្កព្យាយាមរត់គេច តែត្រូវក្រុមខាងជនរងគ្រោះ ដេញតាមរហូតទៅដល់ផ្ទះជនបង្កទើបឃាត់ខ្លួនបាន ប្រគល់ឲ្យសមត្ថកិច្ច។
បច្ចប្បុន្នជនបង្ក រួមទាំងរថយន្តត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក យកទៅរក្សាទុកដើម្បីរង់ចាំជនរងគ្រោះចេញពីមន្ទីរពេទ្យ ធ្វើកាដោះស្រាយទៅតាមនីតិវិធីច្បាប់៕
មតិយោបល់