ព័ត៌មានជាតិ

ករណីលោក ម៉ែន វណ្ណៈ ក្រសួងនៅតែបន្តធ្វើអធិការកិច្ច ទោះជាមានលិខិតសុំទោសក្រឡាបញ្ជី ពិការជាសាធារណៈក៏ដោយ

កំពង់ស្ពឺៈ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះថា« បើទោះជាលោក ម៉ែន វណ្ណៈ អនុប្រធានតុលាការខេត្តកំពង់ស្ពឺ បានចេញលិខិតសុំទោស លោក ឈៀវ គឹមហាក់ ជាសាធារណៈ ក៏ដោយ ក៏ករណីនេះក្រសួងយុត្តិធម៌នៅតែបន្តកិច្ចការរបស់ខ្លួន ដើម្បីពង្រឹងនូវក្រមសីលធម៌ចៅក្រម និងព្រះរាជអាជ្ញា»។

គួរកត់សម្គាល់ថា ក្រោយពីមានរឿងរ៉ាវដ៏ចម្រូងចម្រាសបានកើតឡើងនៅក្នុងស្ថាប័នតុលាការខេត្តកំពង់ស្ពឺ គឺលោក ឈៀវ គឹមហាក់ ជាក្រឡាបញ្ជីបានប្តឹងលោក ម៉ែន វណ្ណៈ អនុប្រធានតុលាការខេត្ត និងជាមេរបស់ខ្លួនផ្ទាល់ ទៅកាន់ក្រសួងយុត្តិធម៌នោះ ភ្លាមៗលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យចុះធ្វើអធិការកិច្ចជាបន្ទាន់មួយចំពោះករណីនេះ។

បន្ទាប់ពីព្យុះភ្លៀង គេសង្ឃឹមថាសំណុំរឿងនេះអាចនឹងធូរស្រាលបន្តិច ខណៈដែលលោក ម៉ែន វណ្ណៈ បានចេញលិខិតសុំទោសដើមបណ្តឹងគឺលោក ឈៀវ គឹមហាក់។

នៅក្នុងលិខិតនោះលោក ម៉ែន វណ្ណៈ បានអះអាងថា« កន្លងមកលោកធ្លាប់បានលេងសើចជាមួយលោក ឈៀវ គឹមហាក់ ជ្រុលហួសហេតុមែន ដោយយកឈើច្រត់គ្រវែងចោល ដែលជាការប៉ះពាល់ដល់កិត្តិយស លោក ឈៀវ គឹមហាក់ មែន»។ លោកថា «ការលេងសើចនោះគឺក្នុងនាមមេ និងកូនចៅ គឺមិនមានបំណងស្អប់ខ្ពើម កូនចៅជាជនពិការនោះទេ។ លោកបានសុំទោស និងស្នើរសុំឲ្យលោក ឈៀវ គឹមហាក់ ឈប់ខឹង រូបលោកតទៅទៀត»។

សូមបញ្ជាក់ផងដែរថា ក្រោយពីមានពាក្យបណ្តឹងប្តឹងលោក ម៉ែន វណ្ណៈ ទៅក្រសួងយុត្តិធម៌ភ្លាមនោះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ថា លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យចុះធ្វើអធិការកិច្ចបន្ទាន់មួយ ពាក់ព័ន្ធនឹងករណីនេះហើយ ដើម្បីរកខុសត្រូវ និងរកយុត្តិធម៌ជូនជនរងគ្រោះ។ លោកបន្តថា ប្រសិនបើការធ្វើអធិការកិច្ច បានរកឃើញពីកំហុសរបស់លោក ម៉ែន វណ្ណៈ ដូចការចោទប្រកាន់ពីលោក ឈៀវ គឹមហាក់ ក្រសួងនឹងបញ្ជូនរបាយការណ៍នោះទៅក្រុមប្រឹក្សាវិន័យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាអ្នកពិនិត្យ និងសម្រេច។

គួររំលឹកថា លោក ឈៀវ គឹមហាក់ ក្រឡាបញ្ជី ដែលជាជនពិការមួយរូប នៅសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧នេះ បានដាក់ពាក្យប្ដឹងទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទៅលើអនុប្រធានសាលាដំបូងលោកចៅក្រម ម៉ែន វណ្ណៈ ពីបទគំរាមកំហែងអាយុជីវិត ដោយយកកាំភ្លើងភ្ជង់ក្បាល ព្រមទាំងយកឈើច្រត់របស់លោកគ្រវាត់ចោល ដែលបង្ហាញពីការមាក់ងាយ និងប្រមាថដល់មន្រ្តីរាជការ ជាជនពិការយ៉ាងធ្ងន់ធ្ងរ។

ពាក្យបណ្ដឹងដែលបានរៀបរាប់ ហេតុការណ៍កើតឡើង២ដង ដោយលើកទី១ នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី២ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក កែវ សុធា ចារបានឃើញ និងគោរពជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សូមមេត្តាពិនិត្យ និងសម្រេច៕

មតិយោបល់