ព័ត៌មានជាតិ

ករណីសមត្ថកិច្ចខេត្តតាកែវបាញ់ជនសង្ស័យគ្រឿងញៀនស្លាប់ ក្រសួងយុត្តិធម៌កំពុងស្រាវជ្រាវ

តាកែវៈ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា «ក្រសួងយុត្តិធម៌កំពុងតែបើកការស្រាវជ្រាវរឿង សមត្ថកិច្ចខេត្តតាកែវបាញ់ជនសង្ស័យគ្រឿងញៀនស្លាប់»។

ពាក់ព័ន្ធករណីនេះលោក ផាន់ សុភ័ក្រ អ្នកនាំពាក្យអយ្យការអមតុលាការខេត្តតាកែវបានបញ្ជាក់ថា ដោយសារគ្រួសារជនរងគ្រោះមិនទាន់បានដាក់ពាក្យប្តឹងទៅកាន់អយ្យការទើប ស្ថាប័នអយ្យការមិនមានមូលដ្ឋានចាក់ការលើរឿងនេះ ហើយស្ថាប័នអយ្យការ រង់ចាំរបាយការណ៍ស៊ើបអង្កេតពីសមត្ថកិច្ចដែលជាអ្នកចុះធ្វើការផ្ទាល់ និងមានលោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារង ជាអ្នកសម្របសម្រួល

ឆ្លើយតបទៅនឹងសំនួរថា នៅក្នុងករណីស្លាប់ជនសង្ស័យបែបនេះ តើទាល់តែមានបណ្ដឹងពីគ្រួសារជនរងគ្រោះទើបស្ថាប័នអយ្យការអាចធ្វើការស្រាវជ្រាវ ឬមិនចាំបាច់មានពាក្យបណ្ដឹង? លោក គឹម សន្តិភាព បានថ្លែងថា« អ្វីដែលសំខាន់បំផុតនោះគឺព័ត៌មានជាក់លាក់ណាមួយសម្រាប់ឈានទៅបើកការអង្កេតបឋមដោយអយ្យការលើសំណុំរឿងព្រហ្មទណ្ឌ! ហេតុនេះរបាយការណ៍របស់សមត្ថកិច្ចគឺជាប្រភពព័ត៌មានដែលជាមូលដ្ឋានក្នុងការសម្រេច ហើយបច្ចុប្បន្ន លោកកំពុងសាកសួររឿងនេះផងដែរ»។

បើយោងតាមមាត្រា ៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា បណ្តឹងអាជ្ញាត្រូវអនុវត្តក្នុងនាមនៃផលប្រយោជន៍ទូទៅដោយអយ្យការ។ អយ្យការធ្វើការចោទប្រកាន់ពីបទព្រហ្មទណ្ឌ និងសុំឲ្យអនុវត្តច្បាប់នៅចំពោះយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ។

ពាក់ព័ន្ធករណីនេះ យើងមិនអាចសុំការបំភ្លឺបន្ថែមពីលោក អ៊ុក សំណាង ស្នងការខេត្តតាកែវនោះទេនៅព្រឹកថ្ងៃទី១១ ខែមីនានេះ ប៉ុន្តែកាលពីថ្ងៃម្សិលមិញលោក អ៊ុក សំណាង បានប្រាប់អ្នកសារព័ត៌មានថា លោកនៅមិនទាន់ទទួលបានរបាយការណ៍ ណាមួយពីខាងក្រុមមន្ត្រីជំនាញ របស់លោក នៅឡើយទេ។ ហើយលោកនៅរង់ចាំ របាយការណ៍របស់លោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារងអមតុលាការខេត្តតាកែវដែលបានសម្របសម្រួលក្នុងប្រតិបត្តិការចុះ បង្ក្រាបករណីគ្រឿងញៀននោះ។

គួររំលឹកថា កាលពីល្ងាច ថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៧កន្លងទៅ ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានករណី បង្ក្រាបការជួញដូរគ្រឿងញៀន មួយបណ្តាលឲ្យជនសង្ស័យម្នាក់ ឈ្មោះ ធឿន ទីន ភេទប្រុស អាយុ២៦ឆ្នាំ បានរងពីការបាញ់របស់កម្លាំងសមត្ថកិច្ច និងបណ្តាលឲ្យស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ការចុះបង្ក្រាប និងរហូតដល់មានការបាញ់សម្លាប់ ជនសង្ស័យខាងលើ សមត្ថកិច្ចពុំបានរកឃើញ ភស្តុតាងជាគ្រឿងញៀន ដើម្បីបញ្ជាក់ថាជនសង្ស័យដែលស្លាប់ជាអ្នកជួញដូរគ្រឿងញៀននោះទេ។

បច្ចុប្បន្ន ក្រុមគ្រួសារជនរងគ្រោះ កំពុងតែ ដង្ហោយរកយុត្តិធម៌ ជូនជនរងគ្រោះខណៈដែលស្ថាប័នសមត្ថកិច្ច និងស្ថាប័នតុលាការ ត្រូវមហាជនមើលឃើញថាបាននិងកំពុងតែដុតដៃដុតជើងហាក់នៅមិនទាន់ក្តៅដូចការចង់បានរបស់ក្រុមគ្រួសារជនរងគ្រោះ៕

មតិយោបល់