ព័ត៌មានជាតិ

Update៖ ផ្ទះឈើមួយខ្នង ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង

បន្ទាយមានជ័យៈ អគ្គិភ័យមួយបានកើតឡើងនៅចំណុចភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យផ្ទះមួយខ្នងសង់អំពីថ្មក្រោមឈើលើ ត្រូវឆេះអស់ទាំងស្រុង ។

ក្នុងហេតុការណ៍អគ្គិភ័យនេះ គេបានឃើញបងប្អូនប្រជាពលរដ្ឋក្នុងភូមិរាប់សិបនាក់ ជាមួយនិងសមត្ថកិច្ចមូលដ្ឋានបាននាំគ្នាជួយដងទឹក និងបាញ់ទឹកដើម្បីពន្លត់មុននឹងរថយន្តពន្លត់របស់ស្នងការដ្ឋានខេត្តមកដល់។

ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ចេញរថយន្តពន្លត់ចំនួន៣គ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ តែដោយអំណាចនៃអគ្គិភ័យមានសភាពធ្ងន់ធ្ងរការបាញ់បានត្រឹមតែមិនឲ្យរាលដាលដល់ផ្ទះអ្នកដទៃចំណែកផ្ទះដែលរងការឆេះត្រូវលេបអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះផងដែរ។

លោក មេប៉ុស្តិ៍ឬស្សីក្រោក បានប្រាប់ Post News ថា ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់ខាងលើនេះ មានទំហំ១០ម៉ែត្រ គុណនឹង៣០ម៉ែត្រ សង់អំពីថ្មក្រោមឈើលើ មានម្ចាស់ឈ្មោះ សោ គឹមហ៊ុន ភេទស្រី អាយុ៥៨ឆ្នាំ ជាស្ត្រីមេម៉ាយ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ ហើយមូលហេតុនៃការឆាបឆេះនេះ លោកមេប៉ុស្តិ៍បានឲ្យដឹងថា គឺបណ្តាលមកពីសង្ស័យទុស្សេខ្សែភ្លើង ដោយម្ចាស់ផ្ទះនៅចង្ក្រានបាយខាងក្រោយ ឡើងទៅមើលលើផ្ទះ ឃើញឆេះទៅហើយតែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ៕

 

មតិយោបល់