ព័ត៌មានជាតិ

យុទ្ធនាការគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ មីនា បង្ក្រាបបាន២៤ករណី ឃាត់មនុស្ស៣៥នាក់

ភ្នំពេញៈ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿងញៀន២៤ករណី ឃាត់មនុស្ស ៣៥នាក់ក្នុងនោះស្រី៩នាក់។ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន ១៥ករណី ឃាត់ ១៨នាក់ ក្នុងនោះមានស្រី៦នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ៩ករណី ឃាត់ ១៧នាក់ ក្នុងនោះមានស្រី៣នាក់និងរួមទាំងវត្ថុតាង មាន មេតំហ្វេតាមីន (ice)= ២២៧,២ក្រាម , ១កញ្ចប់ធំ និង២៤កញ្ចប់តូច និងមេតំហ្វេតាមីន (wy)= ៣,៥១ក្រាម។

លទ្ធផលដែលបង្ក្រាបហើយឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៣៥នាក់ និងវត្ថុតាង១ចំនួននេះមានការចូលរួម ១២អង្គភាព រួមមាន១.មន្ទីរ ២.បន្ទាយមានជ័យ ៣.បាត់ដំបង ៤.កំពង់ស្ពឺ ៥.កំពត ៦.កោះកុង ៧.ក្រចេះ ៨.សៀមរាប ៩.តាកែវ ១០.ឧត្តរមានជ័យ ១១.ត្បូងឃ្មុំ ១២.រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរ លទ្ធផលសរុបរបស់យុទ្ធនាការនៅខែមករា ឆ្នាំ២០១៧ បង្រ្កាប= ១១៤៤ករណី ឃាត់ ២៧៧៣នាក់ ស្រី២៦៧នាក់ រឹបអូសគ្រឿងញៀន ៥៤៨៤.០៦g, និងកញ្ឆា ៣៥១៩g + ៨២ដើម ។

នៅខែកុម្ភៈ ឆ្នាំ២០១៧ បង្រ្កាប= ៩២១ករណី ឃាត់ ២០៥៣នាក់ ស្រី២១៥នាក់ រឹបអូសគ្រឿងញៀន ៧៤៣៥.៨៣g, និងកញ្ឆា ៤៧.៣៤g + ៧៩៤៧៨ដើម ។ បន្ថែមទៀតនោះ លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី ១១ ខែ មីនាឆ្នាំ២០១៧ រួមមាន សរុប២៣២៥ ករណី ឃាត់មនុស្ស៥៣៥៤ នាក់ ស្រី៥៤២ នាក់ ក្នុងនោះចាប់យកវត្ថុតាង សារធាតុញៀនគ្រប់ប្រភេទ= ១៩kg ៩១១.៧g និង ៣០១០កញ្ចប់តូច ១៣ធំ , កញ្ឆាក្រៀម ៧ គ.ក្រ ៥៦៦ក្រាម និង ៩៧៥៦០ដើម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕

មតិយោបល់