ភ្នំពេញៈ ស្រ្តីម្នាក់ដែលបានរងរបួសធ្ងន់ធ្ងរ ដោយសារបុរសជាប្ដីកំណាច ចាក់សាំងដុតកាលពី៦ថ្ងៃមុននោះ បានស្លាប់បាត់បង់ជីវិតហើយ កាលពីវេលម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅក្នុង មន្ទីរពេទ្យព្រះកុសុមៈ បន្ទាប់គ្រូពេទ្យព្យាបាលអស់លទ្ធភាព ចំណែកកូនស្រីរបស់នាងម្នាក់ ដែលរងរបួសដែរ នោះបានធូរស្រាលបន្តិចវិញហើយ រីឯប្ដីកំណាចដែលដុតប្រពន្ធ ហើយទៅប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅ ស្ពានព្រះមុនីវង្សនោះ ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅឯពន្ធនាគារ។
ស្រ្តីរងគ្រោះ ឈ្មោះស៊ឹម សុថាវី អាយុ២៨ឆ្នាំ ចំណែកជនដៃដល់ជាប្ដីនោះ ឈ្មោះអ៊ុច ហួន វីរៈអាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានកូន ស្រីម្នាក់ទៀត អាយុ៧ឆ្នាំក៏ត្រូវបានរលាកភ្លើងរងរបួសផងដែរ ប៉ុន្តពេលនេះបានធូរស្រាលបន្តិចវិញហើយ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនេះ បានកើតទ្បើងកាលពីវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺឈានចូល ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចខាងក្រោយ ហាងខារ៉ាអូខេឌីយ៉ាម៉ង់ ក្នុងភូមិមល័ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាយប់កើតហេតុនោះ ប្ដីប្រពន្ធខាងលើបានមានទំនាស់គ្នា ដោយ សារភ្លើងប្រច័ណ្ឌ ហើយជនដៃដល់ជាប្ដីបានខឹងប្រពន្ធសុំបែក នៅក្នុងខណៈដែលទាស់គ្នា បុរសនោះ បានយកខ្សែចង្កេះខោ ទៅរឹតកប្រពន្ធរហូតដល់សន្លប់បាត់ស្មរតី បន្ទាប់មកបានបង្ហូរសាំងពីម៉ូតូ ចាក់ដុតសម្លាប់ប្រពន្ធ។ពេលនោះបានបង្កឲ្យមានការឆាបឆេះយ៉ាងសន្ធរសន្ធៅ ហើយត្រូវបានអ្នកជិតខាង នាំគ្នាជួយពន្លត់ ប៉ុន្តែស្រ្តីជាប្រពន្ធបានរងរបួសធ្ងន់ធ្ងរ និងកូនស្រីអាយុ៧ឆ្នាំម្នាក់បានរងរបួសយ៉ាងដំណំ ចំណែកជនដៃដល់ ក៏បានរលាករងរបួសស្រាល ក៏បានរត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះនគរបាលខណ្ឌដង្កោ បានចុះទៅអន្តរាគមន៍ ដើម្បីចាប់ជនដៃដល់នោះ តែរកមិនឃើញ រហូតដល់វេលាម៉ោង៧និង៣០នាទី៦ ដដែលនោះប្តីកំណាចខាងលើ បានទៅលោតទឹក សម្លាប់ខ្លួនពីលើស្ពានព្រះមុន្នីវង្សថ្មី ស្ថិតនៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ ប៉ុន្តែការប៉ុនប៉ងនោះមិន បានសម្រេចតាមបំណងនោះឡើយ ដោយត្រូវបានកម្លាំងនគរបាលនៅទីនោះ ជួយសង្រ្គោះទាន់ពេលវេលា ហើយក៏បាននាំមកសាកសួរនៅប៉ុស្តិ៍នគរបាលខណ្ឌច្បារអំពៅ១ ទើបបែកធ្លាយរឿងចាក់សាំងដុតប្រពន្ធ និងកូនស្រីនៅខណ្ឌដង្កោ ទើបនគរបាលខណ្ឌច្បារអំពៅ ប្រគល់បុរសនោះទៅឲ្យខាងនគរបាលខណ្ឌដង្កោ សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
បច្ចុប្បន្នជនបង្កខាងលើ ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃសហើយ៕
មតិយោបល់