ព័ត៌មានបច្ចេកវិទ្យា

មូលហេតុ ១០ យ៉ាង នាំឱ្យទូរសព្ទ iPhone របស់លោកអ្នកឆាប់អស់ថ្មបំផុត និងដោយមិនដឹងខ្លួន

ពីមួយជំនាន់ទៅមួយជំនាន់ប្រព័ន្ធ iOS របស់ iPhone ក៏ដូចជា iPad ត្រូវបានក្រុមហ៊ុន Apple បន្ថែមមុខងារថ្មីៗ និងកាន់តែសម្បូរបែបឡើងៗ ដែលធ្វើឱ្យលោកអ្នកកាន់តែរីករាយក្នុងការប្រើប្រាស់ទូរសព្ទរបស់ខ្លួន។ ទន្ទឹមនឹងនោះ បញ្ហាចោទចេះតែកើតឡើងជាបន្តបន្ទាប់ ជាពិសេស ទៅលើថាមពលថ្មតែម្តង។ លោកអ្នកមួយចំនួនចេះតែត្អូញត្អែរថា ហេតុអ្វីបានជាថ្ម iPhone របស់ខ្លួន មិនសូវកាន់ចឹង ម៉េចក៏ឆាប់ស្រកអស់ម្លេះ ជាដើម។ ដោយមើលឃើញបញ្ហាទាំងនេះ Post Tech បានរកឃើញនូវមូលហេតុសំខាន់ៗចំនួន ១០ ដែលបាននិងកំពុងធ្វើឱ្យទូរសព្ទ iPhone ឆាប់អស់ថ្មបំផុត និងដែលលោកអ្នកមួយចំនួនមិនបានដឹង ឬក៏មើលរំលង មកបង្ហាញជូនដូចខាងក្រោម៖

1- មិនប្រើមុខងារ Wi-Fi Assistance ជំនួយ

នៅពេលដែលលោកអ្នកបើក Wi-Fi ទូរសព្ទនឹងចាប់សញ្ញា Wi-Fi នៅជុំវិញខ្លួនវាជានិច្ច បើទោះជាវាមានតែមួយកាំក៏ដោយ។ ហេតុនេះហើយបានជា Apple បង្កើតឱ្យមានមុខងារ Wi-Fi Assistance ឡើង ដើម្បីជួយកាត់បន្ថយការស៊ីថាមពលថ្មដោយប្រព័ន្ធ Wi-Fi។ ដើម្បីបើកវា សូមលោកអ្នកចូលទៅកាន់កម្មវិធី Settings -> Cellular ហើយចុចយក ON លើ Wi-Fi Assistance។

2- មិនទម្លាប់ប្រើមុខងារ Lower Power Mode

ជាមុខងារមួយដែលលោកអ្នកមួយចំនួនបើកតែនៅពេលថ្មទូរសព្ទ iPhone របស់ខ្លួននៅសល់ ១០%-២០% ប៉ុណ្ណោះ ខណ:មុខងារនេះ អាចជួយសន្សំថាមពលបានយ៉ាងក្រាស់ក្រែល តាមរយ:ការបិទផ្តាច់កម្មវិធីណាដែលស៊ីថ្មបំផុតដោយស្វ័យប្រវត្តិ។ ដូច្នេះ ដើម្បីកុំឱ្យថ្ម iPhone របស់លោកអ្នកឆាប់អស់នៅពេលចាំបាច់ណាមួយ សូមចូលទៅបើកវាតាមកម្មវិធី Settings -> Battery រួចចុច ON លើមុខងារ Low Power Mode។

3- បើកមុខងារ Motion Effects

ជាការពិតណាស់មុខងារ Motion Effects ជួយឱ្យផ្ទាំងកម្មវិធី iPhone រស់រវើក និងស្រស់ស្អាតខ្លាំងមែន ដោយវាជួយឱ្យរូបតាងកម្មវិធី និងផ្ទាំងផ្តល់ដំណឹងកម្រើកតិចៗតាមទិសដៅទូរសព្ទ។ តែទន្ទឹមនឹងនោះ វាក៏ត្រូវការថាមពលថ្មទូរសព្ទច្រើនណាស់ដែរ។ ដូច្នេះបើចង់ឱ្យថ្មទូរសព្ទកាន់បានយូរ លោកអ្នកមិនគួរបន្តបើកវាទៀតទេ ហើយចូលទៅបិទវាចោលតាមកម្មវិធី Settings -> General -> Accessibility ហើយចុច ON លើ Reduce Motion។

 4- ទុកឱ្យ Background មានចលនា

ការទុកឱ្យផ្ទាំងរូបភាពខាងក្រោយ ឬផ្ទាំង Background មានចលនារេចុះឡើង ក៏ស៊ីថាមពលថ្មទូរសព្ទមិនតិចដែរ។ ម្លោះហើយ បើលោកអ្នកគិតថ្មទូរសព្ទវាសំខាន់ជាងភាពស្រស់ស្អាត សូមបិទវាចោលទៅ ដោយចូលទៅកាន់កម្មវិធីវិធី Settings -> Wallpaper -> New Wallpaper រួចជ្រើសរើសយកផ្ទាំងរូបភាពណាមួយ ក្នុងកញ្ចប់រូបភាព Stills មកដាក់ជំនួសវិញ។

5- បិទ Auto Brightness

លោកអ្នកប្រហែលជាមិនដឹងថាមុខងារដំឡើង/ទម្លាក់កម្រិតពន្លឺដោយស័្វយប្រវត្តិទៅតាមស្ថានភាពជាក់ស្តែងនៅជុំវិញខ្លួនរបស់អ្នក អាចជួយកាត់បន្ថយការចំណាយថាមពលថ្មបានមួយចំណែកនោះទេ ហើយវាក៏ជួយគាំពារសុខភាពភ្នែករបស់លោកអ្នកពីពន្លឺជះចេញពីអេក្រង់ iPhone ផងដែរ។ ដូច្នេះ ចង់មិនចង់លោកអ្នកគួរតែបើកវាទៅ ដោយចូលទៅកាន់កម្មវិធី Settings -> Display & Brightness រួចចុច ON លើ Auto-Brightness។

6- មិនបានបិទមុខងារ Hey Siri

មុខងារជំនួយការសំឡេងឌីជីថលនេះ ជាស្វ័យប្រវត្តិ គឺវាបើកមកពីនាយតែម្តង ហើយលោកអ្នកអាចនឹងមិនដឹងនោះទេ ដោយសារតែវារត់នៅផ្ទាំងកម្មវិធីខាងក្នុង និងបើកឡើងពេលណាដែលលោកអ្នកនិយាយពាក្យថា “Hey Siri” ប៉ុណ្ណោះ។ ដូច្នេះ ដើម្បីបិទវាសូមចូលទៅកាន់ Settings -> General -> Siri រួចចុច ​OFF លើ Allow Hey Siri ។ បញ្ជាក់ បន្ទាប់ពីបិទរួច ពេលលោកអ្នកចង់បើកវាប្រើ គឺគ្រាន់តែចុចលើប៊ូតុង Home និងនិយាយពាក្យ Hey Siri ជាការស្រេច។

7- បើកមុខងារ Background App Refresh

មុខងារនេះ ក៏បើកឡើងស្រាប់ផងដែរ ហើយវាមាននាទីអនុញ្ញាតឱ្យកម្មវិធីនីមួយៗធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់វាបង្ហាញឱ្យលោកអ្នកដឹង ដែលសកម្មភាពនេះ ក៏ស្រូបទាញថាមពលថ្មតាមរយ:ដំណើរការឥតឈប់ឈររបស់វាមិនតិចដែរ។ ដូច្នេះ លោកអ្នកគួរតែបិទវាចោលទៅ ដោយចូលទៅកាន់កម្មវិធី Settings -> General -> Background App Refresh រួចចុច OFF លើកម្មវិធីនីមួយៗណាដែលកំពុង ON។

8- ភ្លេចបិទប្រព័ន្ធ Bluetooth និង Wi-Fi

លោកអ្នកចាំបាច់បិទប្រព័ន្ធតភ្ជាប់ Bluetooth និង Wi-Fi រាល់ពេលដែលឈប់ប្រើ ព្រោះប្រព័ន្ធទាំងពីរនេះ នឹងធ្វើឱ្យថាមពលថ្មរបស់ទូរសព្ទឆាប់ស្រកអស់ខ្លាំងណាស់ ហើយដើម្បីបិទវាចោល លោកអ្នកគ្រាន់តែអូសផ្ទាំង Control Center ចេញពីខាងក្រោមអេក្រង់ រួចចុច OFF លើរូបសញ្ញា Bluetooth និង Wi-Fi ប៉ុណ្ណោះ។

9- បើកប្រព័ន្ធ 4G ចោល

ប្រព័ន្ធនេះ ប្រាកដណាស់វានឹងផ្តល់នូវល្បឿនអិុនធើណែតដ៏លឿនសម្រាប់ទូរសព្ទ iPhone របស់លោកអ្នក ប៉ុន្តែ វាក៏ស៊ីថាមពលថ្មខ្លាំងណាស់ដែរ គឺមិនអាចបើកចោលបានទេ ជាពិសេសទូរសព្ទ iPhone ស៊េរីចាស់ៗតែម្តង បើមិនដូច្នេះ វានឹងស្រកដូចទឹកអីចឹង។ ដូច្នេះ សូមកុំបើកវាចោលឱ្យសោះ ហើយដើម្បីបិទវា សូមចូលទៅកាន់ ​Settings -> Cellular -> Voice & Data រួចចុច OFF លើ 3G/4G។

10- បើកមុខងារ Location Services

មុខងារនេះ អនុញ្ញាតឱ្យកម្មវិធីផ្សេងៗចាប់យកទីតាំងដែលទូរសព្ទ iPhone របស់លោកអ្នកកំពុងឋិតនៅតាមប្រព័ន្ធ GPS។ ជារឿយៗ កម្មវិធីមួយចំនួនតែងស្នើឱ្យលោកអ្នកបើកវា ជាពិសេស កម្មវិធីបណ្តាញសង្គមតែម្តង ហើយប្រសិនបើលោកអ្នកបើក គឺវានឹងនៅតែបើកជាប់រហូត ដែលនាំឱ្យថ្មទូរសព្ទឆាប់អស់ដោយមិនដឹងមូលហេតុ។ ដូច្នេះ ដើម្បីបិទវា សូមលោកអ្នកចូលទៅកាន់កម្មវិធី Settings -> Privacy -> Location Services រួចចុច OFF លើគ្រប់ Location Services និងបន្តចូលទៅចុច OFF ក្នុងកម្មវិធីនីមួយៗណាដែលកំពុងបើក ឬ ON។ បន្ទាប់មក នៅលើផ្ទាំង Location Services ដដែល សូមចុច OFF លើ System Services​ ជាការស្រេច៕

មតិយោបល់