ព័ត៌មានជាតិ

Update៖ មិនប្រយត្ន័សោះ! បើកលឿនមិនគោរពភ្លើងសញ្ញា ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង ចូលពេទ្យទាំង២នាក់

ភ្នំពេញៈ ម៉ូតូឌ្រីមសង់សេ១២៥ បើកបរក្នុងល្បឿនលឿន បុកម៉ូតូស្មាសវីដែលកំពុងបើកឆ្លងផ្លូវរងរបួសធ្ងន់ទាំង២នាក់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្សល់ទុកម៉ូតូនៅកណ្តាលផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កាលពីវេលាម៉ោង ១១និង២៥នាទី យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងកើតមន្ទីរពេទ្យភ្នំពេញ រ៉ូយ៉ាល់រតនៈ ឬក្រុមហ៊ុនលក់រថយន្តតូយ៉ូតា នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DG-9292 បើកបរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ក៏បានមកបុកម៉ូតូស្មាសវី ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1F-6973 ដែលឆ្លងកាត់ទទឹងផ្លូវ ពីជើងមកត្បូងជិតផុតទៅហើយ ។

ប្រភពដដែលបាននិយាយថា នៅចំណុចគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះជាស្តុបមួយហៅថា ស្តុបក្រុមហ៊ុនលក់រថយន្តតូយ៉ូតា ដែលមានភ្លើងសញ្ញាត្រឹមត្រូវ តែដោយម៉ូតូឌ្រីមសង់សេ១២៥ មិនគោរពច្បាប់ចរាចរណ៍បើកបរក្នុងល្បឿនលឿន ទៅបុកម៉ូតូនៅគន្លងផ្លូវរថយន្តទៀត បណ្តាលឲ្យ ម៉ូតូឌ្រីមសង់កង់ខាងមុខវៀចកដូចលេខ៨ទៅហើយ រីឯមនុស្សជាអ្នកបើកបរវិញរងរបួសធ្ងន់ទាំង២នាក់ផងដែរ ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯម៉ូតូទាំង២គ្រឿងត្រូវនរគបាលចរាចរណ៍នៃអធិការដ្ឋាននរគបាលខណ្ឌសែនសុខយកទៅរក្សាទុកធ្វើការដោះស្រាយនាពេលក្រោយតាមនីតិវិធី ៕

មតិយោបល់