ព័ត៌មានជាតិ

Update៖រន្ធត់!ជិះម៉ូតូលឿនទៅបុកដុំថ្មសល់ពីការដ្ឋានដាក់លូ ដួលអូសជាច្រើនម៉ែត្របាក់កស្លាប់ភ្លាមៗ

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន បានរេចង្កូតទៅបុក ដុំថ្មដែលសល់ពីការដ្ឋានដាក់លូ នៅតាមផ្លូវភ្នំពេញហាណូយ បានដួលអូសជាច្រើនម៉ែត្រ បាក់កស្លាប់ភ្លាមៗយ៉ាងអណោចអធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ខាងជើងច្រកចូលហ្គ្រេនភ្នំពេញ ១០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

នៅនឹងខ្លួនជនរងគ្រោះ សមត្ថកិច្ចបានឆែករកឃើញកាតគ្រីរថយន្តមួយសន្លឹកដែលមានឈ្មោះ ជា ច័ន្ទពិសិទ្ធ មានទីលំនៅផ្ទះលេខ១៥៦Z ផ្លូវលេខ១៥៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ដែលមានបញ្ជាក់ម៉ាករថយន្ត KIA VISTO ពាក់ស្លាកលេខ 2U-3370 ប៉ុន្តែមិនដឹងច្បាស់ថាជារបស់ជនគ្រោះពិតនោះទេ ព្រោះអាចទិញតពីម្ចាស់ដើម។

តាមប្រភពពីអ៊ំស្រីម្នាក់ ដែលគាត់ជិះកង់បីមកពីក្រោយឃើញហេតុការណ៍បានឲ្យដឹងថា គាត់បានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅស៊េរី២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1G-6016 ជិះក្នុងទិសដៅពីត្បូងទៅជើង ខណៈនោះជនរងគ្រោះបានរេចង្កូតទៅស្តាំដៃ ទៅបុកនឹងដុំថ្មធំមួយបណ្តាលឲ្យម៉ូតូហោះដួលអូសជនរងគ្រោះជាមួយម៉ូតូជាច្រើនម៉ែត្រ បាក់កស្លាប់ភ្លាមៗមួយរំពេច។

ក្រោយមកក៏មានសន្តិសុខ២នាក់ យាមច្រកចូលហ្គ្រេន ដើរមកមើលនិងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចឲ្យមកពិនិត្យនៅកន្លែងកើតហេតុ និងបានអន្តរាគមន៍ហៅរថយន្តសាមុយដឹកសព យកតម្កល់នៅវត្តទឹកថ្លា។ ចំណែកម៉ូតូរបស់សពត្រូវបានយកទៅរក្សាទុកនៅអធិការខណ្ឌសែនសុខដើម្បីឲ្យសាច់ញាតិមកយកត្រទ្បប់ទៅផ្ទះវិញ៕

មតិយោបល់