ព័ត៌មានអន្តរជាតិ

គួរឲ្យរន្ធត់! រថយន្តក្រុងមួយគ្រឿង បើកបុកចូលហ្វូងអ្នកថ្មើរជើង សម្លាប់មនុស្ស ៣៨ នាក់ នៅហៃទី

ហៃទីៈ តាមរបាយការណ៍ពីរដ្ឋធានី Port-au-Prince បានឲ្យដឹងថា មនុស្ស ៣៨ នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅភាគខាងជើងប្រទេសហៃទី កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីរថយន្តក្រុងមួយ បានបើកបុកចូលទៅហ្វូងអ្នកថ្មើរជើងមួយក្រុម។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧។

ដកស្រង់សម្តីអាជ្ញាធរការពារជនស៊ីវិលហៃទី បាននិយាយថា រថយន្តក្រុងនោះ បានបុកមនុស្សពីរនាក់ ក្នុងទីជនបទមួយក្បែរទីក្រុង Gonaives ភាគខាងជើងនៃប្រទេសនៅម៉ោង ៣ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ហើយបន្ទាប់មកទៀត ក៏ស្ទុះទៅបុកហ្វូងមនុស្ស ដែលកំពុងប្រមូលផ្តុំគ្នា សម្រាប់ពិធីបុណ្យតន្ត្រីមួយ។

រថយន្ដនេះ បានដឹកអ្នកដំណើរ ដោយធ្វើដំណើរចេញពីឃុំ Cap Haitien ទៅរដ្ឋធានី Port-au-Prince ។

របាយការណ៍ដដែល បាននិយាយថា មនុស្ស ៣៤ នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ០៤ នាក់ទៀត ស្លាប់នៅក្នុងមន្ទីរពេទ្យ។ ចំណែកឯអ្នករងរបួសវិញ បានទទួលការព្យាបាលនៅមន្ទីរពេទ្យមួយ ក្នុងទីក្រុង Gonaives ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ពីភាគពាយព្យនៃរដ្ឋធានី។

មកទល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះនៅទ្បើយទេ ខណៈដែល ប្រធានាធិបតីហៃទីលោក Jovenel Moise កាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យមានការស៊ើបអង្កេត លើឧបទ្ទវហេតុនេះ៕

មតិយោបល់