ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនម៉ាទឹកកចំនួន៣កញ្ចប់

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធ័នឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស្រស់ ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ។

មុនឈានដល់ការចាប់ឃាត់ខ្លួន លោកអធិការនគរបាលស្រុកកណ្ដាលស្ទឹង ដែលដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងកើប បានចុះល្បាតក្នុងភូមិសាស្រ្ត នៅពេលដែលកំពុងតែដើរល្បាត មកដល់ទំនប់ប្រឡាយខាងកើតស្ថិតនៅក្នុងភូមិស្រុកធំ ឃុំជើងកើប សមត្ថកិច្ចបានប្រទះឃើញសង្ស័យខាងលើ ដោយមានការសង្ស័យលោកអធិការបានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍ជើងកើប ធ្វើការឃាត់សួរនាំ និងឆែកឆេរនៅលើខ្លួនជនសង្ស័យ រកឃើញម្សៅក្រាម ពណ៌សថ្លា មេតំហ្វេតាមីនម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ ១កញ្ចប់ធំ មធ្យម១កញ្ចប់ និងតូច១កញ្ចប់ រួចសមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាល ស្រុកកណ្ដាលស្ទឹង ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន សាកសួរនិងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់