ព័ត៌មានបច្ចេកវិទ្យា

វិធីឆ្លើយតបសារ Gmail រហ័សបំផុត ដោយការបង្កើតទម្រង់សារទុកជាមុន

គ្រប់មជ្ឈដ្ឋានការងារសព្វថ្ងៃ សុទ្ធសឹងមិនអាចជៀសផុតពីការប្រើប្រាស់សារអេឡិចត្រូនិចបានឡើយ សម្រាប់ការឆ្លើយឆ្លងគ្នាជាលក្ខណ:សកលលោក តាមរយ:បណ្តាញអ៊ិនធើណែតលើកុំព្យូទ័រ ឬស្មាតហ្វូន។

បើយោងតាមការស្រង់ស្ថិតិពីក្រុមហ៊ុន Adobe បានបង្ហាញក្នុងឆ្នាំ ២០១៥ ឲ្យឃើញថា បុគ្គលិកធ្វើការនៅក្នុងសហរដ្ឋអាមេរិក ចំណាយពេលជាង ៦ ម៉ោងក្នុងមួយថ្ងៃឯណោះ ដើម្បីឆែកមើល ឬឆ្លើយតបសារអេឡិចត្រូនិចជាច្រើន បើគិតទៅគឺលើសម៉ោងធ្វើការកន្លះថ្ងៃរបស់ពួកគេទៅទៀត។

សំណាងល្អ ពេលនេះមានវិធីម្យ៉ាងអាចសម្រួលដល់ការផ្ញើសារ ឬឆ្លើយតប Gmail បានរហ័សបំផុត ជាមួយមុខងារ Canned Responses សម្រាប់អ្នកដែលធ្វើការផ្ញើសារ ឬឆ្លើយតប Gmail ជាប្រចាំ ក្នុងទម្រង់ដដែលៗ។

ជាមួយនឹងមុខងារនេះដែរ វាអនុញ្ញាតឲ្យលោកអ្នកបង្កើតទម្រង់សារណាមួយទុកជាមុន សម្រាប់ប្រើប្រាស់ម្តងហើយម្តងទៀតពេលក្រោយបាន។ ដូចនេះ ប្រិយមិត្តមិនចាំបាច់ ចំណាយពេលវេលាទៅសរសេរសារដដែលៗទៀតនោះឡើយ។

 

វិធីអនុវត្តន៍

១ – ជាដំបូង ត្រូវបើកគេហទំព័រ mail.google.com ដែលជាផ្ទាំងប្រើប្រាស់ដំបូងនៃកម្មវិធី Gmail

២ – បន្ទាប់មក Sign in គណនី Gmail

៣ – បន្ទាប់មកទៀត ចុចលើប៊ូតុង រូបដុំច្រវាក់ ដែលស្ថិតនៅផ្នែកខាងលើ កែងខាងស្តាំ

៤ – ជ្រើសរើសយកពាក្យថា Settings

៥ – ក្រោយមក ចុចលើមឺនុយ Labs ដែលស្ថិតនៅរបាជួរលើ

៦ – អូសចុះក្រោមបន្តិច រួចចុចធីកលើពាក្យ Enable សម្រាប់មុខងារ Canned Responses

៧ – រួចអូសចុះក្រោមឲ្យអស់ ហើយចុចលើប៊ូតុង Save Changes ជាការស្រេច

៨ – ក្រោយពេលដំណើរការចប់ សូមប្រិយមិត្តចុចលើប៊ូតុង COMPOSE ពណ៍ក្រហម ដើម្បីបើកផ្ទាំងផ្ញើសារ

៩ – សូមរំលងការបំពេញត្រង់ចន្លោះ Recipients និង Subject ឥឡូវនេះដល់ពេលត្រូវបង្កើតទម្រង់សារទុកសម្រាប់ប្រើប្រាស់ហើយ

១០ – នៅលើផ្ទាំង New Message​ សូមក្រលេកមើលផ្នែកខាងក្រោម កែងខាងស្តាំ រួចចុចលើប៊ូតុង រូបក្បាលព្រួញបាញ់ចុះក្រោម

១១ – បន្ទាប់មក ចុចលើពាក្យ Canned resposes នឹងឃើញមានផ្ទាំងមួយទៀត សូមជ្រើសរើសយកពាក្យថា New canned response . . .

១២ – ភ្លាមនោះ ផ្ទាំងថ្មីមួយនឹងលោតចេញមក តម្រូវឲ្យលោកអ្នកបញ្ចូលឈ្មោះសម្រាប់ទម្រង់សារ ងាយចំណាំពេលយកមកប្រើប្រាស់

១៣ – ក្នុងប្រអប់សារ ប្រិយមិត្តត្រូវតែ បញ្ចូលជាទម្រង់សារដែលអាចប្រើប្រាស់បានចំពោះមនុស្សទូទៅ ជាឧទាហរណ៍៖ សូមមើលរូបភាពខាងក្រោម

១៤ – ក្រោយពេលដែលលោកអ្នកបានបញ្ចូលពាក្យពេចន៍ក្នុងសាររួចរាល់ កម្មវិធីនឹងធ្វើការរក្សាទុកវាដោយស្វ័យប្រវត្តិ។

១៥ – ប្រសិនបើប្រិយមិត្តបានធ្វើការកែប្រែពាក្យពេចន៍ក្នុងសារបន្ថែមទៀត សូមធ្វើការ ចុចលើប៊ូតុង រូបក្បាលព្រួញ ហើយចុចលើពាក្យ Canned resposes បន្ទាប់មក ចុចលើឈ្មោះទម្រង់សារដែលបានដាក់ឲ្យពីមុន ស្ថិតនៅពីក្រោមពាក្យ Save ពណ៌ប្រផេះស្រាល ក្រោយមកចុចលើពាក្យ OK ដើម្បីបញ្ជាក់ការ Save

១៦ – ដើម្បីទាញយកវាមកប្រើប្រាស់បាន លោកអ្នកគ្រាន់តែជ្រើសយកឈ្មោះទម្រង់សារណាមួយ ពីក្នុងផ្ទាំង Canned resposes ដែលស្ថិតពីក្រោមពាក្យ Insert ពណ៌ប្រផេះស្រាល វានឹងលោតពាក្យពេចន៍ដែលបានកំណត់ទុក ចេញមកជាមិនខាន។

 

ចំណាំ៖ លោកអ្នកអាចបង្កើតទម្រង់សារបែបនេះ ជាច្រើនសម្រាប់ទុកប្រើប្រាស់ពេលក្រោយបានផងដែរ៕

 

មតិយោបល់