ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន គ្រោងនាំចូល ម៉ាស៊ីន ឬ ឡដុតសំរាមខ្នាតតូច មកទីផ្សារកម្ពុជា

ក្រុមហ៊ុនជប៉ុន Tesna Energy បានបង្ហាញបំណងនាំចូល ម៉ាស៊ីន ឬឡដុតសំរាមខ្នាតតូច មកលក់នៅក្នុងទីផ្សារកម្ពុជា។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញផ្សាយកាលពីពេលថ្មីៗនេះ។

តំណាងក្រុមហ៊ុន បានពន្យល់ថា ម៉ាស៊ីន ឬឡដុតសំរាមនោះខ្នាតតូចនេះ មានអត្ថប្រយោជន៍ច្រើន ក្នុងការចូលរួមការពារបរិស្ថាន សុវត្ថិភាព និងសុខមាលភាពសាធារណៈ ព្រោះវាមានមុខងារច្រើន ក្នុងការសម្អាតកាកសំណល់ ដែលមាននៅក្នុង មន្ទីរពេទ្យ សួនឧស្សាហកម្ម រោងចក្រ។ល។

លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានស្វាគមន៍ចំពោះគម្រោងនេះ តែលោកបានស្នើសុំឲ្យប្រាកដថា កាកសំណល់ជាផេះ គឺមិនត្រូវមានផលប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្ស និងសត្វឡើយ។

ចំពោះបញ្ហានេះ គឺត្រូវឆ្លងកាត់មន្ទីរពិសោធន៍វិទ្យាស្ថានស្តង់ដាកម្ពុជា ជាមុនសិន ប្រសិនបើកាកសំណល់នេះ មិនប៉ះពាល់ ហើយអាចយកទៅប្រើប្រាស់សម្រាប់ប្រយោជន៍ផ្សេង គឺកាន់តែប្រសើរ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ស៊ីអេច គឹមហ៊ាងអភិវឌ្ឍន៍ (ខេមបូឌា) ក៏បានស្នើសុំវិនិយោគលើ គម្រោងវិនិយោគសាងសង់រោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅរាជធានីភ្នំពេញ។

បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានសំរាមប្រមាណជិត ២ពាន់តោន ក្នុង១ថ្ងៃ ដែលត្រូវបានប្រមូលទៅចាក់ទុក នៅតាមទីលានចាក់សំរាមផ្សេងៗ។

គួររម្លឹកផងដែរថា កាលពីខែ កក្កដា ឆ្នាំ ២០១៦ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកម៉ាស៊ីនកែច្នៃសំរាម តម្លៃជាង ៥សែនដុល្លារអាមេរិក ដែលមានសមត្ថភាពកែច្នៃសំរាម បានពី ១០០តោនទៅ ១៥០តោនក្នុងមួយថ្ងៃ៕

មតិយោបល់