ព័ត៌មានជាតិ

ខូចអនាគតអស់! ឃាត់ខ្លួនរហ័ស្សនាមអាត្រងោល មុខសញ្ញាគាស់រថយន្ត កាច់កនិងលួចម៉ូតូយ៉ាងសកម្មម្នាក់

ភ្នំពេញៈ ជនសង្ស័យជាមុខសញ្ញា ដែលតែងតែដើរធ្វើសកម្មភាពឆ្កឹះទ្វាររថយន្តលួចយកទ្រព្យសម្បត្តិ និង កាច់កម៉ូតូយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ទំនប់ទឹកធ្វើការចាប់ឃាត់ខ្លួន ដកហូតបានឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀតផងដែរ ខណៈដែលរូបគេកំពុងតែដើររកធ្វើសកម្មភាពនោះ។

ការឃាត់ខ្លួននេះដែរគឺត្រូវបានធ្វើឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០១៧ នៅចំណុចខាងមុខផ្ទះគ្មានលេខ ផ្លូវព្រះមុនី្នរ៉េត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍ទំនប់ទឹក បានឲ្យភ្នាក់ថា Post News ដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ធឿន ឆាត ហៅអាត្រងោល អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិមានជ័យ សង្កាត់់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិជើងទឹក ឃុំត្នោត ស្រុកព្រៃវែង ខេត្តព្រៃវែង។

មុនពេលកើតហេតុ កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ទំនប់ទឹកបានធ្វើការដើរល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនដូចសព្វមួយដង លុះមកដល់ចំណុចខាងលើក៏បានប្រទះឃើញជនសង្ស័យកំពុងតែដើរ ដោយមានការសង្ស័យក៏បានហៅសួរនាំ និងឆែកឆេរកឃើញឧបករណ៍ប្រើប្រាស់សម្រាប់កាច់កម៉ូតូមួយចំនួនផងដែរ។

ពេលកើតហេតុ ជនសង្ស័យក៏បាននាំខ្លួនមកធ្វើការសាកសួរនៅនគរបាលប៉ុស្តិ៍ទំនប់ទឹកទើបគេសារភាពថា រូបគេកំពុងតែដើររកធ្វើសកម្មភាពលួចកាច់កម៉ូតូ និងកាលពីពេលកន្លងមករូបគេនិងបក្ខពួកម្នាក់ទៀតក៏ធ្លាប់បានធ្វើសកម្មភាពឆ្កឹះទ្វាររថយន្តឡង់គ្រីស័រមួយគ្រឿងយកកាបូបលុយមួយផងដែរ។

ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើរួចហើយ រួមទាំងឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើសកម្មភាពជាវត្ថុតាងមួយចំនួនទៀត ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកបានធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

មតិយោបល់