ព័ត៌មានជាតិ

បាត់រថយន្តនៅខេត្តតាកែវ ប៉ុន្មានម៉ោងក្រោយឃើញនៅខណ្ឌពោធិ៍សែនជ័យ ឃាត់បានជនសង្ស័យ២នាក់

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការបាត់រថយន្តពីខេត្តតាកែវ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ក៏ត្រូវបានសាច់ញាតិបងប្អូនបានប្រទះឃើញរថយន្តដែលបាត់ខាងលើ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ដោយមានជនសង្ស័យ២នាក់កំពុងអង្គុយបកស្តុតរថយន្ត ទើបឃាត់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ការប្រទះឃើញរថយន្តខាងលើនេះ គឺបានកើតឡើងកាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពព័ត៌មានពីបងប្អូនរបស់ជនរងគ្រោះជាម្ចាស់រថយន្តបានឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ ហៀង សេង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់អាហារតាមរោងល្ខោន។

ហើយរថយន្តដែលបាត់ខាងលើនេះ គឺម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ គ្មានស្លាកលេខ ដោយជនសង្ស័យបានលួចចេញពីខេត្តតាកែវ តាំងពីវេលាម៉ោងប្រហែល២យប់ ឈានចូលថ្ងៃទី១៣ ខែមីនា លុះព្រឹកឡើងវេលាម៉ោង៨ ថ្ងៃទី១៣ ដដែល បងប្អូនជនរងគ្រោះបានប្រទះឃើញរថយន្តខាងលើ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយមានការសង្ស័យក៏សហការជាមួយសមត្ថកិច្ចដើម្បីឃ្លាំមើល ហើយក៏ប្រទះឃើញជនសង្ស័យទាំង២នាក់ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ កំពុងអង្គុយបកស្តុតរថយន្ត ទើបឃាត់ខ្លួនឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ តែម្តង ម្យ៉ាងសម្ភារៈមានទាំងខោអាវប្រពន្ធ ថ្នាំពេទ្យ ទឹកភេសជ្ជៈដែលផឹករួច មាននៅក្នុងរថយន្ត ត្រូវបានជនរងគ្រោះអះអាងវាជាក់ច្បាស់ថាជារថយន្តរបស់គាត់៕

https://youtu.be/C8SknFvNL2w

https://youtu.be/VPPDk3Mio70

មតិយោបល់