(ក្រចេះ) បុរសជាប្តីចិត្តកំណាចនិងជាជនប្រមឹកខួបត្រូវនគរបាលស្រុកស្នួល ចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីជនម្នាក់នេះ បានផឹកស្រាស្រវឹងហើយធ្វើសកម្មភាពវាយធ្វើបាបប្រពន្ធរហូតដល់ស្លាប់ ហើយត្រូវបាននគរបាលបញ្ជូនខ្លួនមកការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៅរសៀលថ្ងៃទី៩ខែឧសភាឆ្នាំ២០១៦នេះ ។
មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីជាប្រពន្ធមានឈ្មោះអ៊ិន ស៊ូ អាយុ៥១ឆ្នាំ។
ចំណែកជនប្រមឹកខួបដែលបានវាយធ្វើបាបប្រពន្ធខ្លួនឯងរហូតដល់ស្លាប់ម្នាក់នេះ ឈ្មោះ ហ៊ឹន ណាន អាយុ៤៥ឆ្នាំ រស់នៅភូមិវត្តស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ហើយត្រូវបាននគរបាលចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៨ខែឧសភា ក្រោយពីបានទទួលពាក្យបណ្តឹងរួចមក ។
នគរបាលបានឲ្យដឹងថា មុនពេលកើតហតុ គឺកាលពីល្ងាចថ្ងៃទី៦ខែឧសភា ស្ត្រីជាជនរងគ្រោះ ឈ្មោះ អ៊ីន ស៊ួ អាយុ៥១ឆ្នាំ ជាមួយប្តី រួមនិងអ្នកជិតខាងម្នាក់ទៀត បានផឹកស៊ីជុំគ្នានៅលើផ្ទះរបស់ខ្លួន រហូតដល់ម៉ោង៨យប់ថ្ងៃដដែរ លុះផឹកស្រា ស អស់ជិត១លីត្រ អ្នកជិតខាងក៏ត្រឡប់ទៅផ្ទះវិញ។
ក្រោយពីអ្នកជិតខាងបានត្រឡប់ទៅផ្ទះហើយនោះ បុរសជាប្តីរួមនិងស្ត្រីជាប្រពន្ធ ដោយក្នុងស្ថានភាពស្រវឹងរៀងខ្លួន ហើយក៏បានឈ្លោះប្រកែកគ្នា ។ ភ្លាមនោះស្ត្រីរងគ្រោះជាប្រពន្ធក៏បានដេញបុរសជាប្តីចេញពីផ្ទះ ខណៈនោះបុរសជាប្តីក៏បានទាញស៊ុមរូបថតវាយមកលើប្រពន្ធ រួចបុរសជាប្តីបានឡើងទៅដេកនៅលើផ្ទះបាត់ ។
លុះនៅព្រឹកថ្ងៃទី៧ខែឧសភា ពេលបុរសជាប្តីក្រោកពីដេក ស្ត្រីរងគ្រោះជាប្រពន្ធ បានរករឿងជេរ និងបានវិចបង្វេចខោអាវ ហើយដេញឱ្យប្តីចុះចេញពីផ្ទះ ខណៈនោះស្រាប់តែប្តីនោះបានទាញស៊ុមរូបថតវាយមកលើប្រពន្ធរបស់ខ្លួនម្តងទៀត បណ្តាលឱ្យត្រូវចំក្បាល ដងខ្លួនរបួសជាច្រើនកន្លែង ។
មន្ត្រីនគរបាលបញ្ជសក់ថា ស្ត្រីរងគ្រោះក្រោយពីប្តីវាយធ្វើបាប បានគេចទៅដេកនៅផ្ទះប្អូន រហូតដល់ព្រឹកថ្ងៃទី៨ខែឧសភា ដោយសារអាការៈធ្ងន់ធ្ងរពេក ស្ត្រីរងគ្រោះបានដេកស្លាប់តែម្តង ។ បើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ សាកសពស្ត្រីរងគ្រោះឈ្មោះ អ៊ីន ស៊ួ អាយុ៥១ឆ្នាំ គឺមានស្លាកស្នាមរបួសជាំ ស្ទើរពេញរាងកាយដោយសារតែការវាយដំពីបុរសជាប្តី ។
លោកវរសេនីយ៍ទោ ហួត លឹមហ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បាននិយាយថា ជននេះនិងត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី១០ខែឧសភា ក្រោយពីបញ្ចប់ការសាកសួរតាមនីតិវិធីរបស់មន្ត្រីជំនាញរួច ៕
មតិយោបល់