ព័ត៌មានជាតិ

ជាងផ្សារដំបូលវ័យក្មេងម្នាក់ ឆក់ខ្សែភ្លើងធ្លាក់បាក់កស្លាប់ នៅខេត្តប៉ៃលិន

ប៉ៃលិន: យុវជនវ័យ២០ឆ្នាំម្នាក់ បានស្លាប់ក្រោយពីឆ្លងចរន្តអគ្គិសនី ខណៈដែលជនរងគ្រោះកំពុងផ្សារដំបូល បណ្តាលអោយឆក់ធ្លាក់ពីលើដំបូលបាក់កស្លាប់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥:០០នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិកូនខ្លុង សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនរងគ្រោះ ឈ្មោះ រិន សម្ផស ភេទប្រុស អាយុ២០ឆ្នាំ ជន ជាតិខ្មែរ មុខរបរ កម្មករផ្សារដែក មានទីលំនៅ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។

ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាលបានរាយការណ៍អោយដឹងថា នៅមុនថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ ទៅស៊ីឈ្នួលផ្សារ ដំបូលការ៉ាសសាំង នៅចំណុចកើតហេតុ តាមរយៈ មេជាង នៅភូមិព្រែកតាគង់ សង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ ដោយចេញទៅតាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ លុះមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ពេលកំពុងផ្សារដំបូលការ៉ាសសាំងក៏ជួបឧបទ្ទវហេតុឆក់ខ្សែភ្លើង បណ្តាលឲ្យស្លាប់ ដោយធ្លាក់ពីលើអន្ទាកំពស់៣ម៉ែត្រ មកប៉ះនិងខ្សែភ្លើងស្រាត ដែលនៅខាងក្រោម។

ក្រោយកើតហេតុ សាកសពត្រូវបាន ម្ចាស់ការ៉ាសសាំង និងកម្មករដែលធ្វើការជាមួយ បានបញ្ជូនសាកសព តាមរយៈរថយន្តសាមុយពេទ្យ មកដល់លំនៅដ្ឋានជនរងគ្រោះ នៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដើម្បីប្រគល់សពឲ្យក្រុមគ្រួសារ ។

នៅថ្ងៃទី១១ ខែមីនា ២០១៧ វេលាម៉ោង ១២:០០នាទី ដោយអនុវត្តតាមការចង្អុលដឹកនាំ និងការសម្របសម្រួលរបស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្ដាល កម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ ខេត្តកណ្តាល សហការជាមួយកម្លាំងផ្នែកបច្ចេកទេសស្រុកពញាឮ និងកម្លាំងប៉ុស្តិរដ្ឋបាលព្រែកតាទែនព្រមទាំង មេភូមិ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ បានធ្វើការពិនិត្យ សាកសពឈ្មោះ រិន សម្ផស ដោយយោងតាមសំណូមពររបស់ក្រុមអ្នកជំនាញ និងការស្នើសុំរបស់លោកព្រះរាជអាជ្ញា ខេត្តប៉ៃលិន សាកសពត្រូវបានលើកចេញពីក្តារមឈូស មកពិនិត្យធ្វើកោសលវិច័យ ឃើញថាសាកសព មានសភាពហើម និងក្លិនស្អុយ ដងខ្លួនស្បែកជាំខ្មៅ និងកអាចបង្វិលបាន ។

ក្រោយពិនិត្យចប់ មន្ត្រីជំនាញបានសន្និដ្ឋានថា សាកសពស្លាប់ដោយបាក់ក បន្ទាប់មកសពត្រូវបាន ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់