ព័ត៌មានជាតិ

លោកស្វាយ ស៊ីថា និងក្រុមការងារចុះស្តារស្រះជូនពលរដ្ឋនៅឃុំ កុមារាជា ដែលកំពុងខ្វះទឹកប្រើប្រាស់

ភ្នំពេញៈ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា នៅថ្ងៃទី១១ឧសភា ម្សិលមិញនេះបានដឹកនាំក្រុមការងារចុះទៅស្តារស្រះ ជូនពលរដ្ឋនៅភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដែលនេះជាជំហានចាប់ផ្តើមមុនគេ ក្នុងចំណោមស្រះទឹកចំនួន១៥ក្នុងភូមិទាំង១៣ នៃឃុំនេះដែលនឹងស្តារជាបន្តបន្ទាប់ ដើម្បីបានទឹកគ្រប់គ្រាន់ជូនប្រជាពលរដ្ឋប្រើប្រាស់។

លោក ស្វាយ ស៊ីថា បានរំលឹកឡើងវិញប្រាប់ទៅប្រជាពលរដ្ឋថា ការបើកការដ្ឋានស្តារស្រះទឹកនៅថ្ងៃនេះ គឺកើតចេញពីស្មារតីនៃការទទួលខុសត្រូវខ្ពស់ គិតគូរពីសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈម និងកង្វះខាតទឹកប្រើប្រាស់ ហេតុដូច្នេះហើយ ទើបរូបលោកផ្ទាល់បានបរិច្ចាគថវិកាចំនួន២០លានរៀល ដើម្បីប្រកាសបើកការដ្ឋានស្តារស្រះចំនួន១៥ក្នុងឃុំហើយមន្ត្រីរាជការទាំងអស់ក្នុងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ក៏បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែរបស់ខ្លួន១ខែ ដែលជាប្រាក់ខែ១០០ភាគរយ សម្រាប់បើកនៅខែឧសភានេះ ដោយបង្វែរមកស្តារស្រះទឹកនេះ ហើយក៏មានការចូលរួមពីប្រជាពលរដ្ឋគ្រប់ភូមិ ក្នុងឃុំរួមចំណែកទិញអាចម៍ដី ចាក់តាមផ្លូវ និងជុំវិញផ្ទះរបស់ពួកគាត់។

លោក ស្វាយ ស៊ីថា បានមានប្រសាសន៍ថា ស្រះទឹកនេះ បន្ទាប់ពីស្តាររួចរាល់ហើយ គឺទុកជាស្រះសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅក្នុងឃុំកុមារាជា ប្រើប្រាស់ទាំងអស់គ្នាដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។ ប៉ុន្តែ លោកបានសំណូមពរឲ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាស្រះនេះឲ្យបានស្ថិតស្ថេរយូរអង្វែង។

លោក ស្វាយ ស៊ីថា បានបន្ថែមថា កន្លងមកក្រុមការងារថ្នាក់ជាតិក៏បានចុះជួយដោះស្រាយ បញ្ហា ជាច្រើនលើគ្រប់វិស័យជូនប្រជាពលរដ្ឋក្នុងឃុំ និងការជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ បានផ្តល់នូវថវិកា និងសម្ភារៈជាបន្តបន្ទាប់ ដែលជាការអនុវត្តនូវវប្បធម៌ចែករំលែក យកចិត្តទុកដាក់ ខ្ពស់នៅក្នុងការកសាង អភិវឌ្ឍមូលដ្ឋាន និងលើកិច្ចការងារសង្គមកិច្ច សុខាភិបាល សាសនា អប់រំ ចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់បទល្មើសនានាក្នុងភូមិ ដូចជា បញ្ហាជួញដូរគ្រឿងញៀន ល្បែងស៊ីសងជាដើម ដើម្បីភូមិឃុំមានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

ប្រជាពលរដ្ឋនៅក្នុងឃុំកុមារាជា បានសម្តែងនូវការសប្បាយចិត្តជាខ្លាំង ជាមួយនឹងការអរគុណចំពោះក្រុមការងារ ដែលបានយកចិត្តទុកដាក់ គិតគូដោះស្រាយបញ្ហាទឹកនៅក្នុងមូលដ្ឋានរបស់ពួកគាត់។ លោកតា ស៊ិន សាង តំណាងប្រជាពលរដ្ឋភូមិថ្មីបានលើកឡើងថា ពលរដ្ឋអាចអត់អាហារបានរយៈពេល៧ថ្ងៃ ប៉ុន្តែមិនអាចអត់ទឹកបានទេសូម្បីតែមួយថ្ងៃ។

លោកតាបានអះអាងថា អ្នកភូមិបានទន្ទឹងរង់ចាំការស្តារស្រះទឹកនេះជាយូរមកហើយ អីឡូវស្រះទឹកបានបើកការដ្ឋានស្តារហើយ។ ទៅថ្ងៃមុខនៅក្នុងភូមិរបស់គាត់ នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ សម្រាប់មនុស្ស សត្វ និងការធ្វើដំណាំបានមួយចំនួនទៀតផង។
សូមបញ្ជាក់ថា បន្ទាប់ពីប្រកាសបើកការដ្ឋានស្តារស្រះរួចមក លោក ស្វាយ ស៊ីថា និងក្រុមការងារក៏បានចុះទៅពិនិត្យមើលទីតាំងស្រះទឹកជាច្រើនកន្លែងទៀត នៅក្នុងភូមិដែលនឹងត្រូវស្តានៅពេលខាងមុខនិងបានជួបប្រជុំជាមួយរដ្ឋអំណាចមូលដ្ឋាន និងក្រុមយុវជនដោយបានជម្រាបជូននូវការវិវត្តនៃស្ថានការណ៍នយោបាយបច្ចុប្បន្នជៀសវាងប្រជាពលរដ្ឋចាញ់បោក ការភូតកុហក បោកប្រាស់ និងបំពុលព័ត៌មានពីក្រុមប្រឆាំងមួយចំនួន។

ក្រុមការងាររបស់លោកក៏បានចុះទៅពិនិត្យមើលទីតាំងផលិតទឹកស្អាតរបស់យុវជនក្នុងឃុំនិងបានជួបជុំពិសារអាហាររួមគ្នានៅទីស្នាក់ការរបស់យុវជនកម្ពុជា ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕

photo_2016-05-12_14-12-49 photo_2016-05-12_14-12-50 (2) photo_2016-05-12_14-12-50

មតិយោបល់