ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆ្កឹះសោផ្ទះ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ក្រុម៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។
លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១មានឈ្មោះ ងិន សេរិវុធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងជនសង្ស័យទី២ឈ្មោះ ឈិន សុភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្លូវរថភ្លើង ក្រុម១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ។
លោកបានបន្តទៀតថា នៅយប់ថ្ងៃទី១៤ ខែមីនា កម្លាំងសមត្ថកិច្ចយើង សហការជាមួយកម្លាំងប្រជាការពារសង្កាត់ បានចុះល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ខណៈដែលកំពុងល្បាត ស្រាប់តែប្រទះឃើញជនសង្ស័យទាំង២នាក់ ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួន និងឆែកឆេររកឃើញឧបករណ៍សម្រាប់ធ្វើសកម្មភាពឆ្កឹះសោផ្ទះ និងដែកសំប៉ែតកែច្នៃសម្រាប់កាច់សោកម៉ូតូមួយចំនួន។ ក្រោយពីធ្វើការឆែកឆេររកឃើញមក សមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើទៅកាន់ប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់