ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនិតិវិធី នៃក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និង បំពេញការងារបស់ជនបរទេសនៅតាមបណ្តារហាងម៉ាស្សា និង កោសជប់មួយចំនួន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងខណ្ឌមានជ័យ ដោយបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រីចំនួន ១១នាក់។
ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៨ នៅតាមបណ្តាហាងម៉ាស្សា និង កោសជប់ មួយចំនួន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនគរបាលអន្តោប្រវេសន៍បានប្រាប់ឲ្យដឹងថា ក្រោមការដឹកនាំដោយផ្ទាល់អំពីសំណាក់លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនិតិវិធី បានចុះត្រួតពិនិត្យការស្នាក់នៅនិងបំពេញ ការងាររបស់ជបរទេសមួយចំនួន នៅតាមបណ្តារហាងម៉ាស្សា និង កោសជប់ មួយចំនួនដែលមានទីតាំង នៅតាមបណ្តោយផ្លូវលេខ៣៧១នេះ ដោយប្រតិបត្តិការនេះដែរ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមប្រុស ស្រី សរុបចំនួន ១១នាក់ ក្នុងនោះមានបុរសម្នាក់ផងដែរ ដែលកំពុងតែលួចចូលមកស្នាក់នៅ និង បំពេញការងារ ដោយគ្មានឯកសារត្រឹមត្រូវ។
ក្រោយពីប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និង បំពេញការងារនេះរួចមក ក្រុមជនជាតិវៀតណាមប្រុស ស្រីទាំង ១១នាក់ (ប្រុសម្នាក់) ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនិតិវិធី នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមនិតិវិធីជាបន្តទៅទៀត៕
មតិយោបល់