ភ្នំពេញៈ បុរសនីហ្សេរីយ៉ា២នាក់ ជួញដូរគ្រឿងញៀនជាង១គីឡូក្រាម ដែលត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន នឹងត្រូវបញ្ជូនតុលាការនៅព្រឹកថ្ងៃស្អែក បន្ទាប់ពីបានធ្វើការបង្ហាញមុខជាសាធារណៈនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅមន្ទីរប្រឆាំងគ្រឿង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ថ្លែងឲ្យដឹងថា កាលពីវេលាម៉ោង៣៖១៥នាទី រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ កម្លាំងនគរបាលជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយអង្គភាពគយ និងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានចាប់ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំងពីរ មានឈ្មោះ 0KAFOR IFEANYI ANTHONY និង ADIBE PASCHAL ត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើការស្រាវជ្រាវស៊ើបអង្កេតរកឃើញថ្នាំញៀន ប្រភេទកាកូអ៊ីន ចំនួន៧០ដុំ ទម្ងន់១២៧៧ក្រាម ដែលជនល្មើសបានលេបលាក់ទុកក្នុងពោះ។
ជនសង្ស័យទាំងពីរ នឹងត្រូវបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៣ ខែឧសភា។ នេះបើតាមការអះអាងរបស់មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់ Post News នៅរសៀលនេះ៕
មតិយោបល់