ព័ត៌មានជាតិ

ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បុរសម្នាក់ស្លាប់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់ម៉ូតូជិះក្នុងល្បឿនលឿនទៅបុកនិងរថយន្តមិនចាំម៉ាកពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រ២៧-២៨ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ បី សម្ភស្ស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ មានម៉ូតូមួយគ្រឿងម៉ាកស្មាស រីវ៉ូ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ តាកែវ 1A-4208 ដែលជិះពីកើតទៅលិច ភ្នំពេញទៅកំពង់សោម ដោយមិនពាក់មួកសុវត្តិភាពហើយគ្មានកញ្ចក់មើលក្រោយ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយរថយន្តមួយគ្រឿងមិនចាំម៉ាក និងស្គាល់ស្លាកលេខ បណ្ដាលឲ្យដួលបោកទៅលើផ្លូវ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងនិងនាំយកម៉ូតូមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំសាច់ញាតិយកទៅវិញ។ ចំណែកសាកសព ត្រូវបានកម្លាំងជំនាញប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់