ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុន Man Power រងអយុត្តិធម៌ ខណៈថៅកែ និងបក្ខពួក៤នាក់ រស់នៅដោយសេរី

ភ្នំពេញ:បុគ្គលិកក្រុមហ៊ុន Man Power និងក្រុមហ៊ុន អភិវឌ្ឍន៍ការងារ ម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៦នាក់ ត្រូវបានលោកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើអង្គសេចក្តីជម្រះទោសពាក់ព័ន្ធនឹងសំណុំរឿង នាំពលករចេញទៅធ្វើការនៅបរទេសជិត២០០នាក់ នៅអំឡុងឆ្នាំ២០១៤។

ជនជាប់ចោទមានឈ្មោះ សេង ដាឡែន ភេទប្រុស មុខរបរបុគ្គលិកក្រុមហ៊ុន Man Power និងក្រុមហ៊ុន អភិវឌ្ឍន៍ការងារ មានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានលោក វង្ស ប៊ុនវិសុទ្ធ តំណាងអយ្យការចោទប្រកាន់ពីបទ នាំចេញដោយមិនស្របច្បាប់ ដោយមានគោលដៅសម្រាប់ឆ្លងដែន ដោយនាំពលករប្រមាណ ១៩០នាក់ ទៅធ្វើការនៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិឡែម ក្នុងខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០១៤។

លោក សុខ អួង មេធាវីការពារក្តីជនជាប់ចោទ បានថ្លែងក្នុងអង្គសវនាការថា កូនក្តីលោកបានទទួលស្គាល់ថា ខ្លួនពិតជាបាននាំពលករចេញទៅប្រទេសថៃ តាមច្រកទ្វាព្រុំដែនអន្តរជាតិឡែម ពិតប្រាកដមែន ប៉ុន្តែកូនក្តីលោកធ្វើតាមបញ្ជារបស់ឈ្មោះ ជិន វណ្ណាដា ជាប្រធានក្រុមហ៊ុន ដូច្នេះតុលាការគួរតែចាប់ប្រធានក្រុមហ៊ុននោះ និងបក្ខពួក៤នាក់ទៀតមកផ្តន្ទាទោសដែរបានត្រឹមត្រូវ ហេតុអ្វីចាប់តែកូនក្តីលោកជាបុគ្គលិកក្រោមបង្គាប់គេទៅវិញ? ចំពោះលុយចំនួន ៣០០ដុល្លារដែលពលករ ១៩០នាក់ បង់ទៅឱ្យក្រុមហ៊ុននោះ គឺកូនក្តីលោកយកទៅឱ្យប្រធានក្រុមហ៊ុនជាអ្នកចាត់ចែង មិនមែនកូនក្តីលោកជាអ្នកយកតែម្នាក់ឯងទេ កូនក្តីលោកស៊ីប្រាក់ខែក្រុមហ៊ុនទេតើ។

មេធាវីរូបនេះបន្តថា ចំពោះការប្តឹងកូនក្តីលោកនេះ គឺផ្តើមចេញពីការសន្យារបស់ក្រុមហ៊ុនដែលថា នឹងនាំពលករទាំងអស់នោះទៅធ្វើការនៅប្រទេសជប៉ុន ប៉ុន្តែលោក ជិន វណ្ណដា ជាប្រធានក្រុមហ៊ុនបានបញ្ជាកូនក្តីលោកឱ្យនាំពលករទៅធ្វើការនៅប្រទេសថៃ ទៅវិញ នោះជាកំហុសរបស់ប្រធានក្រុមហ៊ុនដែរ ហេតុអ្វី ចាប់តែកូនក្តីលោកមកកាត់ទោស? ត្រូវចាប់លោក ជិន វណ្ណដា និងបក្ខពួក៤នាក់ទៀតមក កាត់ទោសដែរ បានមានយុត្តិធម៌។

ក្រោយសវនាការសាកសួរដេញដោយ ពេញមួយព្រឹក លោកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះបាន សម្រេចលើកពេលប្រកាសសាលក្រម នៃសំណុំរឿងនេះទៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦ខាងមុខវិញ៕

photo_2016-05-12_16-26-11 photo_2016-05-12_16-26-12

ជនជាប់ចោទ (ពាក់ម៉ាសពណ៌ខៀវ)

មតិយោបល់