ព័ត៌មានជាតិ

Update៖ ផ្ទុះធុងស៊ីទែនប្រេងម៉ាស៊ូតរថយន្ត មនុស្ស២នាក់របួស

ភ្នំពេញៈ បុរសជាជាងផ្សារម្នាក់ ហើយនិងម្នាក់ទៀតជាម្ចាស់ធុងសាំងរថយន្ត ខណៈពេលកំពុងផ្សារធុងស៊ីទែនប្រេង ស្រាប់តែមានប្រេងម៉ាស៊ូតនៅដក់សល់សើមៗក្នុងធុងបន្តិចបន្ទួច បានបណ្តាលឲ្យផ្ទុះឆេះបែករហែកឆេះរោលរលាកដៃជើង និងឆេះសក់ពេញមុខម៉ាត់រងរបួសស្រាលទាំង ២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នំា២០១៧ នៅតាមបណ្តោយផ្លូវលោកឧកញ៉ា ម៉ុង រិទ្ធី ត្រង់ចំណុចផ្ទះគ្មានលេខយីហោ សៅ សុផាន់និត្ត ជាងផ្សារស្ពាន់ ធុងទឹករថយន្ត ស្ថិតនៅភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលជាជាងផ្សារនោះមានឈ្មោះ សៅ សុផាន់និត្ត ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរ ជាងផ្សារស្ពាន់ ធុងទឹករថយន្ត បានរងរបួសស្រាល ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ចំណែកឯម្ចាស់ធុងប្រេងសាំងរថយន្តដែលយកមកឲ្យជាងជួសជុលបានរងរបួសស្រាល តែមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម្ចាស់ធុងប្រេងសាំងបានយកមកឲ្យជាងផ្សារបិទកុំឲ្យលិច ខណៈពេលកុំពុងផ្សារ ស្រាប់តែមានប្រេងម៉ាស៊ូតដក់សល់សើមនៅក្នុងធុង បានបណ្តាលឲ្យក្កៅខ្លាំងឡើង ហើយផ្ទុះឆេះបែករហែកធុង រួចក៏ឆេះរោលរលាកដៃជើងមុខម៉ាត់ និងសក់ក្បាលរងរបួសស្រាល។

ក្រោយពីកើតហេតុ ជនរងគ្រោះទាំង ២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកយកសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ៕

មតិយោបល់