ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងប៉ុស្ដិ៍ចោមចៅ ដឹកនាំដោយលោកអធិការ យឹម សារ៉ាន់ ដោយមានការចូលរួមពីសំណាក់ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការឆែកឆេរឃ្លាំងមួយកន្លែង ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវវ៉ងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ដោយមានការសង្ស័យថាឃ្លាំងមួយនោះ មានគរស្តុករបស់បញ្ចាំផ្សេងៗដោយខុសច្បាប់។
ការឆែកឆេរនោះបន្ទាប់ពីបានរកឃើញម៉ូតូរ៉ឺម៉កកង់បី មួយគ្រឿងដែលចោរលួចយកទៅបញ្ចាំ ឲ្យម្ចាស់ខ្លាំងខាងលើនៅឯផ្សារឃ្លាំងរំសេវ ក្រោយមកត្រូវបានម្ចាស់ឃ្លាំងនោះ យកទៅលាក់ទុកនៅក្នុងឃ្លាំងខាងលើ ហើយត្រូវបានម្ចាស់ម៉ូតូរ៉ឺម៉កកង់បីនោះតាមរកឃើញតាមរយៈប្រព័ន្ធតាមដានសុវត្ថិភាពGPS និងបានប្តឹងនគរបាលឲ្យជួយដកហូត យកទៅរក្សាទុកនៅប៉ុស្ដិ៍ចោមចៅ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងដែលបានរកឃើញ តាមប្រព័ន្ធតាមដានGPS នោះម៉ាក bajaj(RE) ពណ៏ក្រហម អត់ស្លាកលេខ ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ាម្នាក់ ដែលបានជួលឲ្យបុរសម្នាក់ ដើម្បីរកស៊ីដឹកម៉ូយឬអីវ៉ាន់ ហើយបង់លុយប្រចាំខែឲ្យលោកឧកញ៉ារូបនោះ។ ប៉ុន្តែក្រោយពេលជួលយកទៅរកស៊ីបានមួយរយៈពេល ដល់ពេលបង់លុយមិនឃើញទៅបង់ ហើយទាក់ទងអត់បានទៀតនោះ ទើបមានការសង្ស័យ ឆែកមើលតាមប្រព័ន្ធតាមដានGPS ទើបដឹងថាបាត់ហើយក៏បានតាមដាន រហូតរកឃើញម៉ូតូរ៉ឺម៉កកង់បីនោះ នៅក្នុងឃ្លាំងខាងលើ ហើយនៅវេលាល្ងាចថ្ងៃទី១៣ ខែមីនា ម្ចាស់បានប្ដឹងឲ្យនគរបាលប៉ុស្ដិ៍ចោមចៅជួយអន្តរាគមន៏។
ប្រភពដដែលបានបន្តថា ខណៈនោះនគរបាលបានចុះទៅកាន់ទីតាំងឃ្លាំងខាងលើ ដើម្បីដកហូតយកម៉ូតូរ៉ឺម៉កកង់បី ដែលបានរកឃើញនោះប្រគល់ទៅឲ្យម្ចាស់វិញ ប៉ុន្តែពេលនោះម្ចាស់ឃ្លាំងអាងខ្នង មិនព្រមប្រគល់ឲ្យឡើយ កម្លាំងនគរបាលបានប្រចាំការនៅទីនោះ រហូតដល់វេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែមីនា ទើបម្ចាស់ឃ្លាំងបានយល់ព្រមប្រគល់ឲ្យ ហើយនគរបាលបានយកទៅដាក់នៅប៉ុស្ដិ៍ចោមចៅ។ លុះដល់វេលាម៉ោង១រសៀលថ្ងៃដដែលទើបកម្លាំងខាងលើ ចុះទៅធ្វើការឆែកឆេរប៉ុន្តែម្ចាស់មិនសហការទៀត រហូតមានការឯកភាពពីលោកព្រះរាជអាជ្ញាររង សាលាដំបូងរាជធានីភ្នំពេញ កម្លាំងក៏បានសម្រេចកាត់សោទ្វារឃ្លាំងនោះ ចូលហើយបានឃើញនៅក្នុងឃ្លាំងនោះ មានម៉ូតូកង់បីចំនួន៥គ្រឿង កន្ទុយរ៉ឺម៉ក១គ្រឿង និងរថយន្តចំនួន៤គ្រឿង ដែលមិនទាន់ដឹងថាខុសច្បាប់ឬបែបណានៅឡើយ បន្ទាប់មកសមត្ថកិច្ចបាន ចាក់សោឃ្លុំបិតទ្វារឃ្លាំងនោះជាបណ្ដោះអាសន្នសិនរង់ចាំការស្រាវជ្រាវបន្ត៕
https://youtu.be/juFkZrTnZho
មតិយោបល់