ភ្នំពេញៈ យុវជនចំនួន៣នាក់បានរងរបួសធ្ងន់ និងស្រាល ដោយសារតែពួកគេជិះម៉ូតូម៉ាកហុងដា C125 មួយគ្រឿងឌុបគ្នាបោលក្នុងល្បឿនលឿនដូចហោះ បានទៅបុករថយន្តធុនតូចមួយគ្រឿងពេញទំហឹង និងបណ្តាលឲ្យទាំងរថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំទាំងសងខាង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចណុចផ្លូវព្រះសីហនុ កែងនិងផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធុនតូច១គ្រឿងម៉ាក SCION ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AG-6079 បើកបរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយនារីវ័យក្មេងម្នាក់ លុះមកដល់ចណុចកើតហេតុខាងលើដែលជាផ្លូវបំបែកជា៤នោះ ក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DG-1354 មួយគ្រឿងសុទ្ធតែក្មេងស្ទាវជិះឌុបគ្នា៣នាក់ បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ក៏បានទៅបុករថយន្តមួយគ្រឿងនោះចំពីចំហៀងខាងឆ្វេង ផ្នែកខាងមុខពេញទំហឹង បណ្តាលឲ្យពួកគេទាំង ៣នាក់រងរបួសធ្ងន់ ចំណែកឯរថយន្តកំពិត និងម៉ូតូរងការខូចខាតយ៉ាងដំណំដូចគ្នា។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ដោយឲ្យភាគីរថយន្ត និងម៉ូតូធ្វើការដោះស្រាយគ្នា ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយនោះភាគីទាំង២បានយល់ព្រមដោះស្រាយបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយភាគីខាងម៉ូតូយល់ព្រមធ្វើការជួសជុលឲ្យទៅភាគីរថយន្ត និងនាំគ្នាចេញទៅកន្លែងជួយជុលរថយន្តបាត់អស់ទៅ៕
មតិយោបល់