ព័ត៌មានជាតិ

មន្ទីរ​ធនធានទឹក​ អះអាងថា ខេត្តកំពង់ធំ ​អាច​គេចផុតពី​គ្រោះទឹកជំនន់​

កំពង់ធំៈ លោក ហាក់ ពុទ្ធី អនុប្រធានធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ បានអះអាងថា ខេត្តកំពង់ធំ អាចរំដោះផុត ពីគ្រោះទឹកជំនន់នៅក្នុងរដូវវស្សានេះហើយ បន្ទាប់ពីកម្ពស់ទឹកស្ទឹងសែន បានគំរាមកំហែងឡើងកៀកៗ ដល់ចំណុចប្រកាសអាសន្ននៅប៉ុន្មានថ្ងៃមុននេះ។

លោក ហាក់ ពុទ្ធី បានបន្តថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ កម្ពស់ទឹកនៅស្ថានីយ ក្រុងស្ទឹងសែន គឺទឹកមានកំពស់តែ១៣,២០ម៉ែត្រតែប៉ុណ្ណោះ គឺស្រក់១តឹកកន្លះ បើប្រៀបធៀបនឹង កម្ពស់ទឹក១៣,៣៥ម៉ែត្រ ដែលកៀក នឹងគោលដៅចំណុច ប្រកាសអាសន្ននោះ ហើយទឹកនឹងបន្តស្រកតទៅទៀត។

លោក ហាក់ ពុទ្ធី បានបន្តទៀតថា កម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន គឺមានកម្ពស់១៣,៥០ ម៉ែត្រ ហើយក្នុងពេលដែលខេត្តកំពង់ធំ មានកម្ពស់ទឹក១៣,៣៥ម៉ែត្រនោះ គឺអាកាសធាតុនៅខេត្ត កំពង់ធំ មានភ្លៀងធ្លាក់ផ្ទួនៗរាល់ថ្ងៃ ជាការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំខេត្ត ក្នុងនោះ អភិបាលខេត្ត លោក អ៊ុត សំអន បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ឲ្យប្រុងប្រយ័ត្ន និងកងកំលាំងត្រូវត្រៀមលក្ខណៈ ជានិច្ចក្នុងការជួយអន្តរាគមន៍សង្គ្រោះ ប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះអាសន្នទឹកជំនន់នេះ។

ចំណែកនៅក្នុងរបាយការណ៍បូកសរុប របស់គណៈកម្មាធិការ ទទួលបន្ទុកកិច្ចការគ្រោះ ធម្មជាតិឯណុះវិញ បានឲ្យដឹងថា នៅក្នុងរដូវវស្សាឆ្នាំនេះ ថ្វីត្បិតមានភូមិដ្ឋាន និងដំណាំប្រជាពលរដ្ឋខ្លះ ត្រូវទឹកភ្លៀងជនលិច ប៉ុន្តែមិនប៉ះពាល់ធំដុំនោះទេ។

គួររំលឹកថា នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខណៈដែលកម្ពស់ទឹកស្ទឹងឡើង កៀកដល់គោលដៅ ប្រកាសអាសន្ននោះ គឺស្របពេលភ្លៀងផ្ទួនៗ ធ្លាក់មកលើ ក្រុងស្ទឹងសែនយ៉ាងចាស់ដៃ គឺចុងក្រោយ ចាប់ពីថ្ងៃទី១២ រហូតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ៕

kompong-thom-7kompong-thom-1kompong-thom-2kompong-thom-3kompong-thom-4kompong-thom-5kompong-thom-6

មតិយោបល់