ព័ត៌មានជាតិ

Update: ផ្លូវក៏ងងឹត រ៉ឺម៉កក៏គ្មានភ្លើងបំភ្លឺ ឬចំណាំងផ្លាត ទើបត្រូវម៉ូតូឌ្រីម១២៥ បុកស្លាប់២នាក់ របួស២នាក់

ភ្នំពេញ: មានសេចក្តីរាយការណ៍អោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាម៉ូតូឌ្រីមសេ១២៥ មួយគឿង ជិះគ្នាចំនួន២នាក់ បុកពីក្រោយរ៉ឺម៉កដឹកដែក មិនមានបំពាក់ភ្លើងបំភ្លឺផ្លូវ ឬចំណាំងផ្លាតមួយគ្រឿង ពេញទំហឹងបណ្តាលឲ្យមនុស្ស២ស្លាប់ និង២នាក់ទៀត រងរបួសរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ នៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការអោយដឹងពីសមត្ថកិច្ច ខណ្ឌមានជ័យអោយដឹងថា មុនពេលកើតហេតុ ដោយសារផ្លូវនេះងងឹតខ្លាំងពេក ទើបបណ្តាលអោយបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុក និងម៉ូតូរ៉ឺម៉កដឹកដែកមួយគ្រឿង ដែលពុំមានភ្លើងបំភ្លឺ ជិះគ្នា២នាក់ ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយធ្លាក់អ៊ុំប្រុសម្នាក់ ជិះលើរ៉ឺម៉ក បោកនិងថ្នល់ត្រូវក្បាលរងរបួសធ្ងន់ ចំណែកបុរសទាំង២នាក់ ដែលជិះម៉ូតូបុករ៉ឹម៉កដឹកដែកខាងលើ ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់នៅតាមផ្លូវខណៈពេលរថយន្តសាម៉ុយ ដឹកទៅមន្ទីរពេទ្យ ដោយហេតុនេះ ហើយទើបធ្វើអោយម្ចាស់រ៉ឺម៉កដឹកដែកខាងលើភ័យ ក៏ព្យាយាមបើករត់គេច ភ្លាមៗនោះក៏ជ្រុលទៅបុកនិងម៉ូតូឌ្រីមសេ១២៥មួយគ្រឿងទៀត បណ្តាលដួល ប៉ុន្តែសំណាងល្អគ្មានអ្នកណារងរបួស។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋបានសម្តែងការមិនសប្បាយចិត្តព្រោះ មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់ខាងលើនេះកើតឡើង គឺដោយសារតែនៅម្តុំផ្លូវ៦០ម៉ែត្រពុំមានភ្លើងបំភ្លឺផ្លូវនោះទេ។

ក្រោយពេលកើតហេតុ រ៉ឺម៉កនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងយកទៅរក្សានៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំបងប្អូនសាច់ញាត្តិ មកទទួលយកផងដែរ ៕

មតិយោបល់