ព័ត៌មានជាតិ

ទឹកចិត្តជាម្ដាយ ទោះជាពិការ ក៏ខំកាន់រូបថតដើររកកូនស្រី ដែលបាត់ខ្លួន២ថ្ងៃ គ្រប់ទីកន្លែង

ភ្នំពេញ: ស្រ្តីជាជនពិការម្នាក់រួមដំណើរ ដោយកូនរបស់គាត់ផ្សេងទៀត និងសាច់ញាតិផងបានកាន់រូបថត កូនស្រីជាទីស្រលាញ់ស្មើជីវិតម្នាក់ ដែលនាងគឺជាកម្មការិនីរោងចក្រផលិតស្បែកជើង និងជាមេតុងទីន ហើយនាងបានបាត់ខ្លួនអស់រយៈពេល២ថ្ងៃមកហើយ មិនដឹងជាទៅកន្លែងណានោះឡើយ។ ហើយអ្វីដែលបានធ្វើឲ្យស្រ្តីជាម្ដាយ និងក្រុមគ្រួសារមានការព្រួយបារម្ភខ្លាំងនោះគឺនៅជាប់ ខ្លួននាងមានលុយជិត១ពាន់ដុល្លារ ដែលជាលុយលេងតុងទីន និងប្រាក់ខែរួមជាមួយគ្រឿងអលង្ការ ខ្សែដៃ ខ្សែក និងក្រវិលផងដែរ ខ្លាចមានអ្នកគំនិតអាក្រក់លួងលោមនាង យកទៅធ្វើបាបយកលុយ និងគ្រឿងអលង្ការខាងលើនោះ។ ទើបគាត់កាន់រូបថតកូនស្រីសំណព្វចិត្តម្នាក់នោះ ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ ដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយ អន្តរាគមន៏ស្វែងរកនាង។

ម្ដាយដែលតាមរកកូននោះឈ្មោះ អ៊ាត ធី អាយុ៤៧ឆ្នាំ ជាជន ពិការ (ស្វិតជើងស្ដាំ) មានទីលំនៅក្នុងភូមិកោះគ្របបាយ ឃុំកំពង់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ចំណែកឯកូនស្រីរបស់គាត់ដែលបាត់ខ្លួន នោះឈ្មោះ ស្រស់ ស្រីគន់ ហៅរស្មី អាយុ២២ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រផលិតស្បែកជើង យីហោ យូឌីស្កូ ហើយនាងក៏ ធ្វើជាមេតុងទីនផងដែរ។ សព្វថ្ងៃស្នាក់នៅផ្ទះជួលជាមួយមិត្តភក្ដិស្រីម្នាក់ទៀត នៅម្ដុំរោងចក្រកាត់ដេរ ឃ្យូ អឹម អាយ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

គាត់បាននិយាយថា កូនស្រ្តីគាត់បានចាកចេញពីស្រុកកំណើត នៅខេត្តកំពង់ធំ មកធ្វើជាកម្មការិនីរោងចក្រ ខាងលើនោះ រយៈពេល៥ឆ្នាំកន្លងមកហើយ កន្លងមកពេលបើកប្រាក់ខែបានលុយ តែងតែបានផ្ញើរតាមវីងឲ្យគាត់ ដើម្បីបានចាត់ចែងចាយវាយ មិនដែលអាក់ខានឡើយ។ ដោយឡែកកាលពីវេលាម៉ោង៧ ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ កូនស្រីគាត់បានប្រាប់មិត្តភក្ដិដែលស្នាក់នៅជាមួយគ្នានោះថា ទៅធ្វើការហើយក៏បានដើរចាកចេញពីបន្ទប់ជួលបាត់រហូត ដោយមិនឃើញទៅធ្វើការឡើយ ហើយដល់វេលាល្ងាចថ្ងៃដដែល មិនឃើញត្រឡប់ទៅកាន់ផ្ទះជួលវិញទៀត។ ចំណែកឯទូរស័ព្ទនាងក៏បានបិទខលមិនចូលឡើយ មេក្រុមរបស់នាងខលប្រាប់គាត់ថា កូនស្រីមីងបាត់ខ្លួនហើយ ទើបគាត់បានដឹង និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនោះគាត់បានធ្វើដំណើរ ចាកចេញពីផ្ទះមកភ្នំពេញ យ៉ាងតក់ក្រហល់ ដើម្បីស្វែងរកកូនស្រី ប៉ុន្តែរកមិនឃើញឡើយ ទើបសម្រេចចិត្តប្ដឹងសុំឲ្យនគរបាល ជួយស្វែងរកកូនស្រីគាត់ផង៕

មតិយោបល់