ព័ត៌មានជាតិ

ជួញដូរគ្រឿងញៀន! ឃាត់ខ្លួនយុវជន២នាក់ ថ្នាំញៀនជិត១០កញ្ចប់

កណ្តាល: ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ពន្ធ័នឹងការធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ ដកហូតបានថ្នាំញៀនជិត១០កញ្ចប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៥០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ឈុន ហេងតុង ហៅតុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងជនសង្ស័យទី២ឈ្មោះ ឌុច ដារ៉ា ភេទប្រុស អាយុ២១ ឆ្នាំ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងនោះដែរសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក ICE សង្សយ័ជាសារធាតុញៀន ចំនួន៧កញ្ចប់តូច ,ម៉ូតូ១គ្រឿងម៉ាកស៊ុយសាគីលែត ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BX-8934 ,ទូរសព្ទ័ដៃ ១គ្រឿង ហើយថ្នាំញៀនចំនួន៧តូច គឺជារបស់ឈ្មោះ រឿន សុខរ៉េត ដែលបានបញ្ជាឲ្យយកទៅលក់បន្តឲ្យម៉ូយ។

មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើកម្លាំងអន្តរាគមន៍ក្រុងតាខ្មៅនិងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី បានចេញល្បាតមកដល់ចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញជនសង្ស័យទាំង២នាក់ កំពុងតែជិះម៉ូតូ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានធ្វើការត្រួតពិនិត្យ ឆែកឆេរខ្លួនជនទាំង២នាក់នោះហើយក៏បានរកឃើញ គឿងញៀន ICE ចំនួន៧ កញ្ចប់តូចដែលដាក់នៅក្នុងហោប៉ៅខោរបស់ឈ្មោះ ឈុន ហេងតុង ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២ នាក់ខាងលើបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឫស្សីដើម្បីធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានសារភាពថាថ្នាំញៀនខាងលើនោះគឺឈ្មោះ រឿន សុខរ៉េត ភេទប្រុស អាយុ២១ ឆ្នាំ ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាអ្នកបញ្ជានិងផ្តល់ថ្នាំញៀនឲ្យជនសង្ស័យទាំង២ នាក់ខាងលើ យកទៅលក់បន្តឲ្យម៉ូយ។ រយ:ពេលកន្លងមកឈ្មោះ រឿន សុខរ៉េត ធ្លាប់បានប្រើជនសង្ស័យ២នាក់ឲ្យយកថ្នាំញៀនទៅលក់បន្តឲ្យម៉ូយបានប្រហែល៥ដងមកហើយ ឈ្មោះ រឿន សុខរ៉េត បានជួញដូរថ្នាំញៀនមកដល់សព្វថ្ងៃបានប្រហែល ២ ទៅ ៣ខែហើយ។

តាមចម្លើយសារភាព កន្លងមកជនសង្ស័យទាំងពីរនាក់នេះធ្លាប់យកថ្នាំញៀនទៅលក់ឲ្យគេនៅម្ដុំមុខសាលារៀនសេរីភាព, ក្រោយសាលារៀនសុវណ្ណភូមិ, ក្រោយវត្តព្រែកសំរោង និងក្នុងសង្កាត់ព្រែកឫស្សីនៃទឹកដីក្រុងតាខ្មៅ។ ក្រៅពីជនសង្ស័យ២នាក់ខាងលើឈ្មោះ រឿន សុខរ៉េត មិនធ្លាប់បានប្រើនាក់ណាផ្សេងទៀតឡើយ ។ ក្នុងមួយលើកៗជនសង្ស័យទាំង២នាក់ខាងលើលក់ថ្នាំញៀនបានលុយពី១០ ទៅ១២ម៉ឺនរៀល ហើយលុយដែលលក់ថ្នាំញៀនបាននោះជនសង្ស័យយកទៅឲ្យឈ្មោះ រឿន សុខរ៉េត ទាំងអស់រួចហើយឈ្មោះ រឿន សុខរ៉េត បានចែកលុយឲ្យពួកគេទាំង២នាក់ ក្នុងម្នាក់ៗ៤ម៉ឺនរៀលវិញ ចំណែកថ្នាំញៀនដែលយកមកលក់នោះគឺឈ្មោះ រឿន សុខរ៉េតបានទៅទិញមកពីម្ដុំសាលារៀនសន្ធមុខ ភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាង លើរួមជាមួយវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់